
ថៃ៖ កាសែតថៃ The Nation ចុះផ្សាយថា៖ ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ បច្ចុប្បន្នកំពុងប្រឈមមុខ នឹងសម្ពាធដែលមិនធ្លាប់មានពីមុនក្នុងពេលដំណាលគ្នា៖ ខណៈការបិទច្រកព្រំដែនជាមួយកម្ពុជារយៈពេលវែងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥និងក្រោយមីយ៉ាន់ម៉ា ធ្វើការបិទច្រកព្រំដែនជាមួយថៃភ្លាមៗមិនឲ្យទំនិញថៃចូលប្រទេសខ្លួន ។
ផលប៉ះពាល់នៃការបិទច្រកព្រំដែនកម្ពុជា និងមីយ៉ានម៉ា នេះធ្វើឲ្យសេដ្ឋកិច្ចថៃដាំក្បាលចុះខាតឡុងចុងនូវទំហំពាណិជ្ជកម្មនៃការនាំចេញរហូតដល់ 570 ពាន់លានបាត បើប្រៀបធៀមរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ បន្ទាប់ពីទំនិញរបស់ថៃមិនអាចនាំចេញទៅកម្ពុជា និងមីយ៉ាន់ម៉ា នេះជាមូលហេតុដែលនាំឱ្យការនាំចេញត្រូវបញ្ឈប់ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធ។
ការបិទច្រកព្រំដែនកម្ពុជា-ថៃ ទាំងស្រុងចាប់តាំងពីថ្ងៃទី23 ខែមិថុនា ឆ្នាំ2025 បានប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្មថៃដែលមានតម្លៃជាមធ្យម 27 ពាន់លានបាត ក្នុងមួយខែក្នុងឆ្នាំ2024 ការនាំចេញរបស់ថៃមកកម្ពុជាមានសរុបជាង 324,13 ពាន់លានបាត។
ការបិទជាមួយកម្ពុជាក្នុងរយៈពេលវែងធ្វើឲ្យប្រទេសថៃអាចបាត់បង់ជាង 120 ពាន់លានបា តក្នុងការនាំចេញតាមផ្លូវគោក មកកាន់កម្ពុជា នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ 2025 នេះ ខណៈពេលដែលទំនិញមួយចំនួននៅតែត្រូវបានដឹកជញ្ជូនតាមសមុទ្រ ក៏ដោយ តែវាមិនគ្រប់គ្រាន់ដើម្បីជំនួសនៅការនាំចេញតាមផ្លូវគោកបាននោះឡើយ ព្រោះតែផ្លូវគោកគឺសំខាន់ណាស់សំរាប់ការនាំចេញ ហើយផ្លូវគោកជាសរសៃឈាមនៃសេដ្ឋកិច្ចតាមព្រំដែនរបស់ថៃ។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចនៅសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ការបិទជាអចិន្ត្រៃយ៍នៃប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួនប្រាំគឺ អារ៉ានយ៉ាប្រាថេត (Aranyaprathet) , ខ្លងយ៉ៃ (Khlong Yai), ចុងជាំ ( Chong Chom) , ឈុនបូរី (Chanthaburi ) និង ចុងសាង៉ាម ( Chong Sa-ngam ) កំពុងធ្វើឱ្យប្រទេសថៃខាតបង់យ៉ាងធ្ងន់ធ្ងរប្រមាណ 11.65 ពាន់លានបាត ក្នុងមួយខែ ឬជាង 141.84 ពាន់លានបាតជារៀងរាល់ឆ្នាំ។
ជាពិសេសប៉ុស្តិ៍ត្រួតពិនិត្យ អារ៉ានយ៉ាប្រាថេត ( Aranyaprathet ) មានចំណែកធំបំផុតនៃការខាតបង់នេះ ជាមួយនឹងការខូចខាតលើសពី 7 ពាន់លានបាតក្នុងមួយខែ។ ប្រសិនបើការបិទនៅតែបន្តពេញមួយឆ្នាំ វាអាចកាត់បន្ថយ GDP របស់ប្រទេសថៃបានប្រមាណ 0.31%។
ការរំខាននេះគឺធ្ងន់ធ្ងរជាពិសេសសម្រាប់វិស័យនាំចេញសំខាន់ៗចំនួនបីទៅកាន់ប្រទេសកម្ពុជា៖ ម្ហូបអាហារ និងភេសជ្ជៈ ( តម្លៃ 32.74 ពាន់លានបាត) រថយន្ត និងគ្រឿងបន្លាស់ ( តម្លៃ18.57 ពាន់លានបាត) និងសារធាតុគីមី និងជី (តម្លៃ15.30 ពាន់លានបាត)។


