2025-08-29 11:05
36

ថៃ៖ ជោគវាសនាអនាគត់ជីវិតនយោបាយរបស់លោកស្រី ផែថងថាន នឹងត្រូវតុលាការធម្មនុញ្ញថៃ សម្រេចនៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ថាលោកស្រីត្រូវបន្តតំណែងជា «នាយករដ្ឋមន្ត្រី ឬត្រូវបញ្ចប់» ត្រឹមនេះ ពាក់ព័ន្ធជាសំណុំរឿងបែកធ្លាយសំឡេងសន្ទនារបស់លោកស្រីជាមួយប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោកស្រី ផែថងថាន ត្រូវបានព្យួរពីតួនាទីពីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ដោយរង់ចាំការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញ ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ដ្បិតលោកស្រីព្យួរតំណែងពីនាយករដ្ឋមន្ត្រី ប៉ុន្តែលោកស្រីស្ថិតតំណែងគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ដដែល ខណៈបច្ចុប្បន្នឧបនាយករដ្ឋមន្ត្រី Phumtham Wechaychai កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។

សូមរំឭកថា បន្ទាប់ពីបែកធ្លាយសារសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សមាជិកព្រឹទ្ធសភាថៃ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ក្រោមហេតុផលថា “ការហៅទូរសព្ទរវាងលោកស្រី ផែថងថាន និងសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីការបំពានក្រមសីលធម៌រដ្ឋមន្ត្រី និងលក្ខខណ្ឌរដ្ឋធម្មនុញ្ញថៃ” កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅ តុលាការធម្មនុញ្ញប្រទេសថៃ បានទទួលយកញត្តិនេះ ហើយបានបោះឆ្នោតព្យួរលោកស្រី ផែថងថាន ពីតួនាទីជានាយករដ្ឋមន្ត្រី។ 

ពាក់ព័ន្ធសាលក្រមនៃសំណុំរឿងនេះ ចៅក្រមនៃតុលាការធម្មនុញ្ញថៃ នឹងប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ រងចាំមើលថាអនាគត់ជីវិតនយោបាយរបស់លោកស្រី ផែថងថាន ត្រូវបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ឬលោកស្រីត្រូវបញ្ចប់ពីតំណែង៕