2025-08-29 13:46
37

ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅអគារតុលាការធម្មនុញ្ញថៃ ក្នុងបរិវេណវិមានរដ្ឋាភិបាលទីក្រុងបាងកក និងផ្លូវ Chaengwattana បុគ្គលិកសន្តិសុខបានដាក់របងដែកនៅតាមបណ្តោយផ្លូវ ដើម្បីការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់បំផុត។ 

កម្មភាពរឹតបន្តឹងបញ្ហាសន្តិសុខក្នុងក្រុងបាងកកនេះ ត្រូវបានធ្វើឡើង ដើម្បីគ្រប់គ្រងតំបន់នេះ នៅមុនសាលក្រមរបស់តុលាការធម្មនុញ្ញថៃ ប្រកាសសាលក្រមសំណុំរឿងលោកស្រី ផែថងថាន នៅវេលាម៉ោង០៣និង០០នាទីរសៀលបន្តិចទៀតនេះ។

ប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ បានរាយការណ៍ថា តុលាការធម្មនុញ្ញថៃ គ្រោងនឹងសម្រេចលើសំណុំរឿងរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នារសៀលនេះ ថាតើលោកស្រីនឹងត្រូវដកចេញពីតំណែងនាយករដ្ឋមន្ត្រី ឬយ៉ាងណា?។ ករណីនេះទាក់ទងនឹងការបែកធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងលោកស្រីជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ជុំវិញការប្រកាសសាលក្រមសំណុំរឿងលោកស្រី ផែថងផាន ដើម្បីឱ្យសាធារណជនក្នុងប្រទេសថៃបានជ្រាបកាន់តែច្បាស់នោះ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ថៃ (ទូរទស្សន៍ចំនួនបី) ត្រូវបានដំឡើង ដើម្បីផ្សាយផ្ទាស់ចំពោះសាលក្រមផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបោសសម្អាតគ្រឿងផ្ទុះ (EOD) នៅនឹងកន្លែង ដោយធ្វើការបោសសម្អាត និងស្កេនតំបន់សំខាន់ៗនៅក្នុងនិងជុំវិញបរិវេណតុលាការធម្មនុញ្ញផងដែរ៕