
កិច្ចប្រជុំនៃព្រឹទ្ធសភាម៉ិកស៊ិកបានប្រែក្លាយទៅជាអំពើហិង្សាកាលពីថ្ងៃពុធ កន្លងទៅ បន្ទាប់ពីសមាជិកម្នាក់ ក្នុងចំណោមសមាជិករបស់ខ្លួនហាក់ដូចជាមានការខឹងសម្បារក្នុងការមិនទទួលបានឱកាសនិយាយ។
តាមការចេញផ្សាយពី CNN បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ពីររូប ក្នុងអំឡុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៅទីក្រុងម៉ិកស៊ិកូស៊ីធី ស្ដីពីការជជែកដេញដោលដ៏ក្តៅគគុកនៃការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងប្រទេសម៉ិកស៊ិកូ។
ការប៉ះទង្គិចគ្នានេះមានជាប់ពាក់ព័ន្ធនឹងប្រធានសភា លោក Gerardo Fernández Noroña (មកពីគណបក្ស Morena ដែលកំពុងកាន់អំណាច) និងមេដឹកនាំគណបក្សប្រឆាំង លោក Alejandro “Alito” Moreno (មកពីគណបក្សបដិវត្តន៍ស្ថាប័ន ឬ PRI)។
ក្រោយកើតហេតុ លោក Moreno បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គណបក្សកាន់អំណាចបានផ្លាស់ប្តូររបៀបវារៈនៃសម័យប្រជុំ ដើម្បីរារាំងគណបក្សប្រឆាំងមិនឱ្យនិយាយ។ លោកបន្តថា ដោយសារតែហេតុខាងលើ បានបង្កឲ្យមានរឿងកើតឡើង។ លោក Moreno បាននិយាយដោយអះអាងថា ប្រធានព្រឹទ្ធសភាបានចាប់ផ្តើមការឈ្លោះប្រកែកគ្នាដោយការរុញគាត់មុន។
តបនឹងការចោទរបស់គណបក្សបដិវត្តន៍ស្ថាប័នខាងលើ លោក Noroña បាននិយាយថាគាត់មានបំណងដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក Moreno ដោយអះអាងថា លោកMoreno បានគំរាមសម្លាប់គាត់មុន។ ដូច្នេះគាត់នឹងស្វែងរកភស្តុតាងណាមួយក្នុងការបណ្តេញ លោក Moreno និងសមាជិកបក្សប្រឆាំងផ្សេងទៀតដែលពាក់ព័ន្ធនឹងជម្លោះនេះចេញ។
