
សហរដ្ឋអាមេរិកបានយល់ព្រមលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសប្រភេទ អេអាយអិម ណាយអ៊ិច សាយវ៉ាញឌឺ ( AIM-9X Sidewinder ) និងឧបករណ៍ពាក់ព័ន្ធ ក្នុងតម្លៃ ១០៣,៩ លានដុល្លារ ទៅឱ្យទីភ្នាក់ងារគាំទ្រ និងលទ្ធកម្មរបស់ណាតូ (NSPA) ដែលដើរតួជំនួសប្រទេសបែលហ្សិក អ៊ីតាលី និងរូម៉ានី ។
នេះបើយោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានប្រកាសកាលពីថ្ងៃទី27 ខែសីហានេះ បន្ទាប់ពីសភាបានជូនដំណឹងស្ដីពីរការលក់សព្វាវុធ មីស៊ីលបាញ់ចេញពីអាកាសទៅអាកាសទៅឲ្យណាតូ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ ( DSCA ) បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងលក់មីស៊ីលដែលមានសមត្ថភាព បាញ់ពីអាកាសទៅអាកាសនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់អង្គការណាតូ ក្នុងការដោះស្រាយជម្លោះនិងការគំរាមកំហែងបច្ចុប្បន្ននិងដែលកំពុងកើតមាន ជាពិសេសតាមរយៈការរួមបញ្ចូលមីស៊ីលទៅក្នុងកងនាវាចម្បាំង F-35 Lightning II ( ឡាយនីងធូ ) របស់សម្ព័ន្ធភាព។
លក្ខណៈពិសេសនៃមីស៊ីលបាញ់ពីអាកាសទៅអាកាស អេអាយអិម ណាយអិច ប្លក់ធូ ( AIM-9X Block II ) ត្រូវបានកែលម្អ រួមទាំងការរចនាឡើងវិញយ៉ាងល្អ និងបានអាប់ដេតប្រព័ន្ធដំណើរការនៅលើយន្តហោះ ដោយតំណភ្ជាប់ទិន្នន័យ និងប្រព័ន្ធឧបករណ៍ចាប់អុបទិកទំនើបដែលមានសមត្ថភាពកាន់តែខ្ពស់ និងបាញ់ចំគោលដៅច្បាស់ៗ។
អង្គការណាតូ (NATO) គឺត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងបណ្តាលប្រទេសជាសមាជិក ក្នុងការពារអធិបតេយ្យភាពរបស់ខ្លួន និងជាពិសេសធានា ឲ្យមាននូវសន្តិភាព និងសន្តិសុខ ជូនប្រទេសជាសមាជិក។
មីស៊ីលបាញ់ចេញពីអាកាស អេអាយអិម ណាយអ៊ិច ( AIM-9X Block II )នេះ គឺជាមីស៊ីលអាកាសរយៈចម្ងាយខ្លីដ៏ទំនើបបំផុត របស់សហរដ្ឋអាមេរិក ដែលវាមានសមត្ថភាពប្រើប្រាស់តំណភ្ជាប់ទិន្នន័យរបស់វា ភាពបត់បែននៃកម្លាំងរុញច្រាន និងឧបករណ៍ស្វែងរករូបភាពចាប់សញ្ញាក្នុងកម្រិតខ្ពស់ ដែលមានសមត្ថភាពវាយលុកលើគោលដៅចំៗច្បាស់ៗ ថែមទាំងមានសមត្ថភាពការពារដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងការប្រឆាំងដើម្បីទប់ទល់នឹងការគំរាមកំហែងដែលត្រូវបានកំណត់ នៅក្នុងការណែនាំអំពីប្រតិបត្តិការកងទ័ពជើងទឹក និងយុទ្ធសាស្ត្រការពារជាតិ។ អេអាយអិម ណាយអ៊ិច ( AIM-9X ) ជាប្រភេទមីស៊ីលបាញ់ចេញពីអាកាសទៅអាកាស ដែលមានប្រវែង 9.9 ហ្វីត (3.02 ម៉ែត្រ) , ទំងន់ 186 ផោន ( 84.37 គីឡូក្រាម) មានអង្កត់ផ្ចិត៖ ៥ អ៊ីញ (០.១៣ ម៉ែត្រ) និងស្លាបរបស់វាប្រវែង៖ ១៧.៦ អ៊ីញ (០.៤៥ ម៉ែត្រ) ៕


