2025-10-13 10:47
9

ថៃ៖ ខេត្ត Chachoengsao ប្រទេសថៃ បានជួបប្រទះព្យុះកំបុតត្បូងដ៏សាហាវបំផុត ដោយបោកកួចកម្ទេចផ្ទះ ចំនួន ០៥ ខ្នង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ប៉ុន្តែអាជ្ញាធរថៃមិនទាន់បញ្ចេញតួលេខនៅឡើយទេ។

តាមការផ្សាយរបស់ Khaosod កាលពីរាត្រីថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ព្យុះបានវាយប្រហារភ្លាមៗនៅភូមិលេខ៣ ឃុំ Theparat នៃស្រុក Ban Pho។

អ្នកភូមិបានឲ្យដឹងថា ព្យុះនេះមានឥទ្ធិពលខ្លាំងណាស់ ដោយខ្យល់កន្ត្រាក់បានបោកបំប៉ើងដំបូលផ្ទះ ព្រមទាំងបង្កការខូចខាតដល់ផ្ទះជាច្រើនខ្នងថែមទៀត។

មិនមែនតែនៅខេត្ត Chachoengsao ទេ នៅឯ Chonburi ឯណោះជួបព្យុះកំបុតត្បូង និងខ្យល់កួចដែរ ដោយវាបានបោកបក់មកបំផ្លាញហាងនានានិងវាយប្រហារអ្នកដើរលេងកម្សាន្ត ធ្វើឲ្យអ្នកខ្លះត្រូវប៉ើងតាមខ្យល់។

ព្យុះនេះកើតឡើងចំពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានថា ខេត្តចំនួន៣៩ ភាគច្រើននៅប៉ែកខាងត្បូង ត្រូវប្រឈមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កគ្រោះថ្នាក់គ្រប់ពេល។

ស្របពេលជាមួយគ្នានោះ សូម្បីទីក្រុងបាងកក និងតំបន់ជុំវិញក៏មានហានិភ័យគ្រោះថ្នាក់ផងដែរ ខណៈបើតាមការព្យាករ រាជធានីរបស់ប្រទេសថៃ នឹងជួបព្យុះភ្លៀង៧០%៕