2025-10-14 09:34
11

ថៃ៖ មន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គមេធាវីថៃ (OAG) បានព្រមានកាលពីថ្ងៃចន្ទថា ការបន្លឺ “សំឡេងខ្មោច” តាមរយៈឧបករណ៍បំពងសំឡេងនៅព្រំដែនកម្ពុជា-ថៃ អាចបង្ហាញឱ្យប្រទេសថៃ មានការចោទប្រកាន់ពីបទរំលោភលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម និងការប្រព្រឹត្តិកម្ម ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាបផ្សេងទៀត (CAT)។

តាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៣ តុលា បានឲ្យដឹងថា មន្ត្រីថៃ OAG ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែខ្លាចប្រតិកម្មសាធារណៈរបស់ពលរដ្ឋថៃ បាននិយាយថា ការលេងបែបផែនសំឡេងដ៏គួរឱ្យភ័យខ្លាច ដូចជាសំឡេងភាពយន្តខ្មោច សំឡេងឆ្កែព្រុស និងសំឡេងយន្តហោះ F-16 ប្រឆាំងនឹងប្រជាជនកម្ពុជា អាចត្រូវបានបកស្រាយថា ជាការរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសថៃ ក្រោម CAT ដែលប្រទេសបានផ្តល់សច្ចាប័ន។

មន្ត្រី OAG ខាងលើ បន្តព្រមានថា សកម្មភាពនេះអាចបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃជាអន្តរជាតិ ប្រសិនបើកម្ពុជា ឬអង្គការមិនមែនរដ្ឋាភិបាលដាក់ពាក្យបណ្តឹងជាមួយស្ថាប័នអន្តរជាតិដែលចោទប្រកាន់ថាបានរំលោភលើ CAT ។ 

មន្ត្រី OAG បានយល់ស្របជាមួយលោក Angkhana Neelapaijit អ្នកតស៊ូមតិសិទ្ធិមនុស្ស ដែលបានអះអាងថា សកម្មភាពនេះផ្តោតទៅលើជនស៊ីវិលដែលងាយរងគ្រោះជាជាងបុគ្គលិកយោធា។ 

ទន្ទឹមនឹងការប្រឆាំងនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានច្រានចោលដោយនិយាយថា លោកមិនជឿថា ការប្រើឥទ្ធិពលសំឡេង ដើម្បីរារាំងប្រជាជនកម្ពុជា នឹងធ្វើឱ្យប្រទេសថៃបាត់បង់ភាពជឿជាក់លើឆាកអន្តរជាតិនោះទេ។ «ខ្ញុំមិនគិតដូច្នេះទេ យើងគ្រាន់តែធ្វើវាដើម្បីការពារអធិបតេយ្យភាពរបស់យើង។»

លោក Anutin បន្ថែមថា កងទ័ពថៃ មានទំនួលខុសត្រូវក្នុងការសម្រេចលើវិធានការប្រតិបត្តិការដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន រួមទាំងការប្រើប្រាស់បែបផែនសំឡេង និងការបញ្ចាំងភាពយន្តឯកសារនៅជិតព្រំដែនផងដែរ៕