
ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បានចេញសេចក្តីព្រមានមួយកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យអ្នកទេសចរចិនជៀសវាងទិញកញ្ចប់ទេសចរណ៍ដែលមានតម្លៃទាប បន្ទាប់ពីមានវីដេអូមួយបានបង្ហាញពីមគ្គុទ្ទេសក៍ទេសចរណ៍ដែលគំរាមកំហែងភ្ញៀវថា “នឹងទុកចោល” ប្រសិនបើពួកគេបដិសេធមិនទិញទំនិញរបស់ថៃ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ khaosod នៅថ្ងៃទី១៥ ខែតុលានេះ។
ស្ថានទូតចិន បាននិយាយថា ខ្លួនបានទាក់ទងភ្លាមៗទៅប៉ូលីសទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ បន្ទាប់ពីវីដេអូនេះបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អាជ្ញាធរបានបញ្ជាក់ថា «មគ្គុទ្ទេសក៍ជាតិចិន មិនមានអាជ្ញាប័ណ្ណ និងព្យាយាមដាក់សម្ពាធភ្ញៀវទេសចរឱ្យទិញ ដើម្បីទទួលបានកំរ៉ៃជើងសារ»។
ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បាននិយាយទៀតថា «ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើការជាមគ្គុទេសទេសចរណ៍នៅក្នុងប្រទេសថៃទេ ដោយណែនាំអ្នកទេសចរឱ្យជ្រើសរើសភ្នាក់ងារដែលមានកេរ្តិ៍ឈ្មោះល្អ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមិនត្រូវជឿទុកចិត្តលើសេវាកម្មទេសចរណ៍មានតម្លៃទាបនោះទេ»។
ស្ថានទូតចិន បានបញ្ជាក់ថា «ក្នុងដំណើរកម្សាន្តជាក្រុម អ្នកទេសចរត្រូវបានណែនាំឱ្យជ្រើសរើសភ្នាក់ងារទេសចរណ៍ដែលមានកេរ្តិ៍ឈ្មោះគួរឱ្យទុកចិត្ត អាជ្ញាប័ណ្ណទេសចរណ៍ក្រៅប្រទេស និងផលិតផលដែលត្រូវនឹងគុណភាព និងតម្លៃ ត្រូវមានកុងត្រា និងលើកិច្ចសន្យាផ្លូវការ និងបានណែនាំឱ្យពលរដ្ឋចិនគួរតែមានទូរសព្ទបន្ទាន់របស់ប៉ូលីសទេសចរណ៍ ឬស្ថានទូត ប្រសិនបើមានបញ្ហាកើតឡើង»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Attakorn Sirilatthayakorn បានថ្លែងថា «លោកបានបញ្ជាឲ្យនាយកដ្ឋានទេសចរណ៍ និងប៉ូលិសទេសចរណ៍ ស៊ើបអង្កេតករណីនេះជាបន្ទាន់ រួមទាំងកំណត់អត្តសញ្ញាណ ទីតាំង ពេលវេលា ក្រុមហ៊ុនទេសចរណ៍ដែលពាក់ព័ន្ធ និងព័ត៌មានលម្អិតនៃកម្មវិធីទេសចរណ៍នោះ ផងដែរ»៕
