2025-10-15 15:19
38

ថៃ៖ ការចាក់បំពងសំឡងខ្មោច ឆ្កែលូ ឆ្កែព្រុស និងសំឡេងយន្តហោះ យ៉ាងព្រឺព្រួច គំរាមកំហែង ព្រមទាំងរំខានដំណេកជនស៊ីវិលកម្ពុជា ជាពិសេសជនងាយរងគ្រោះ ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កំពុងធ្វើឱ្យផ្ទៃក្នុងប្រទេសថៃ រង្គោះរង្គើយ៉ាងខ្លាំង ដោយអ្នកការពារសិទ្ធិស្ត្រីបង្ហាញសាមគ្គីភាពជាមួយសមាជិកព្រឹទ្ធសភាថៃ និងថ្កោលទោសលើក្រុមជ្រុលនិយមថៃ។ 

ក្រុមសម្ព័ន្ធអ្នកការពារសិទ្ធិស្ត្រីនៃប្រទេសថៃ បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះ លោកស្រី Angkhana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភាថៃ បន្ទាប់ពីលោកស្រីបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមជាតិនិយមជ្រុលថៃ ដោយសារលោកស្រីចេញមុខប្រឆាំងនឹងការប្រើប្រាស់ យុទ្ធសាស្ត្របំភិតបំភ័យ ដោយការចាក់បំពងសំឡេងខ្មោច សំឡេងយន្តហោះ និងសំឡេងសត្វឆ្កែ ជាដើម ក្នុងគោលបំណងរំខានទៅលើប្រជាជនស៊ីវិលកម្ពុជា ដែលតាំងទីលំនៅនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ៗគ្នាជាច្រើនយប់។ 

កងទ័ពថៃ បានទទួលស្គាល់ការពិតថាខ្លួនបានអនុញ្ញាតឲ្យសកម្មជនជ្រុលនិយមថៃ លោក Guntouch Pongpaiboonwet និង Kan Chom Phalang ធ្វើការសកម្មភាពចាក់ផ្សាយសំឡេងនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលប្រទេសថៃ ចាត់ទុកថាពលរដ្ឋកម្ពុជាមកតាំងទីលំនៅលើដីរបស់ខ្លួន។ ប៉ុន្តែ ភាគីកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ជាតំបន់មិនទាន់មានការបែងចែកដាច់ស្រឡះនៅឡើយ។

លោកស្រី Angkhana និយាយថា៖ «រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះ ក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដូចជា កុមារ ចាស់ជរា ជនពិការ ស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺ ជាដើម ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»។

ចំណែក លោក Kavannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ បានលើកឡើងថា៖ “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិ ប្រកបដោយដោប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ”។

រីឯលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជនថៃ ជាគណៈបក្សប្រឆាំងដ៏ធំរបស់ថៃ បានព្រមានថា៖ “សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ”។ លោកបានបញ្ជាក់បន្ថែមថា “ដោយតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង”។

រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthaphon Narkphanit ទាល់តំរិះឆ្លើយមិនរួច នៅពេលដែលអ្នកកាសែត សួរលោកថា តើនរណាជាអ្នកបើកភ្លើងឱ្យបុគ្គលលេងបណ្តាញសង្គម ឈ្មោះ Kan Jom Phalang ចាក់សំឡេងខ្មោច និងសំឡេងឆ្កែលូ រំខានអ្នកភូមិខ្មែរ នៅភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ បែរមិនឆ្លើយ និងបានបង្វែរឿងនេះ ឱ្យទៅសួរមេបញ្ជាការភូមិភាគទី១ ថៃ។

ពេលអ្នកសារព័ត៌មានថៃ សួរទៅលោក «អំពីសកម្មភាពចាក់សំឡេងខ្មោច» តើអាចធ្វើឱ្យប្រទេសថៃ អាម៉ាស់មុខលើឆាកអន្តរជាតិដែរឬទេ? ស្របពេលដែលប្រទេសកម្ពុជា បានដាក់បណ្តឹងទៅកាន់អន្តរជាតិ លោក Natthaphon បានបដិសេធមិនឆ្លើយនឹងសំណួរនេះដោយប្រាប់ថា «នឹងឆ្លើយប្រាប់នៅពេលក្រោយ» ទៅវិញ៕