2024-02-05 14:12
341

រដ្ឋធានីកៀវ៖ ស្របពេលកងទ័ពអ៊ុយក្រែន កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី នោះ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរទៅកាន់សមរភូមិជួរមុខ ដើម្បីលើកទឹកចិត្តដល់កម្លាំងប្រយុទ្ធរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់សមរភូមិជួរមុខ នៅភូមិភាគអាគ្នេយ៍របស់ប្រទេស ដើម្បីដឹកសុខទុក្ខរបស់កងទ័ព។ សកម្មភាពរបស់លោកប្រធានាធិបតី ចុះទៅសួរសុខទុក្ខដល់កងទ័ពអ៊ុយក្រែន គឺជាការលើកទឹកចិត្តដល់កម្លាំងប្រយុទ្ធរបស់ខ្លួន។

លោកប្រធានាធិបតី ហ្សេឡេនស្គី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រោយធ្វើដំណើរទៅកាន់សមរភូមិ នៅតំបន់ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) ថា «នេះជាកិត្តិយសណាស់ដែលបាននៅទីនេះ នៅថ្ងៃនេះ។ ដំណើរទស្សនកិច្ចរបស់គាត់ បានគាំទ្រ និងផ្តល់រង្វាន់ដល់ក្រុមអ្នកចម្បាំងរបស់អ៊ុយក្រែន។ ពួកគាត់កំពុងតែប្រឈមមុខនឹងបេសកកម្មដ៏លំបាក និងសំខាន់បំផុត ដើម្បីវាយបកសត្រូវ និង ការពារអ៊ុយក្រែន»។

ដំណើររបស់លោកប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សមរភូមិជួរមុខនេះ បានកើតឡើង ចំពេលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់មេទ័ពកំពូលអ៊ុយក្រែន លោក វ៉ាឡែរី ហ្សាលូស្នី (Valeriy Zaluzhnyi)។                                                            

កាលពីថ្ងៃ សុក្រ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងដល់សេតវិមាន អំពីផែនការបណ្តេញមេបញ្ជាការយោធាកំពូលរបស់ខ្លួនដែលមើលការខុសត្រូវលើសង្គ្រាម ប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។ នេះជាការប៉ុនប៉ងបណ្តេញមេទ័ពកំពូល ហ្សាលូស្នី ដែលត្រូវបានគេនិយាយ ថា បានប៉ះទង្គិចជាមួយ នឹងលោក ហ្សេឡេនស្គី លើបញ្ហាជាច្រើន ក្រោយពេលអ៊ុយក្រែន បានបើកប្រតិបត្ដិការវាយលុក  កាលពីឆ្នាំ២០២៣ ប៉ុន្ដែនៅតែមិនអាចដណ្តើមយកទឹកដីភាគច្រើន ដែលរុស្ស៊ី កំពុងតែកាន់កាប់ទឹកដីរបស់ខ្លួនបានមកវិញ។លោកឧត្ដមសេនីយ៍ ហ្សាលូស្នី ត្រូវបានគេស្គាល់ថាជា «ឧត្តមសេនីយ៍ដែក» និង មានប្រជាប្រិយភាពខ្លាំង នៅក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ី។ ការបណ្តេញចេញមេទ័ពកំពូលនេះ  អាចនឹងធ្វើឱ្យខូចខាតដល់សីលធម៌ នៅក្នុងចំណោមកងកម្លាំងអ៊ុយក្រែន កំពុងតែប្រយុទ្ធដើម្បីកាន់កាប់ទីតាំង នៅតាមបណ្តោយសមរភូមិជួរមុខជាង ១០០០ គីឡូម៉ែត្រ ប្រឆាំងនឹងកងទ័ពមហាអំណាចរុស្ស៊ី។

បើតាមតួលេខរបស់កងទ័ពអ៊ុយក្រែន បានបង្ហាញ ថា ចំនួនទាហានរុស្ស៊ី បានស្លាប់យ៉ាងច្រើនបំផុត លើសពីសម័យសហភាពសូវៀត ធ្លាប់ធ្វើសង្គ្រាម អស់រយៈពេលប្រហែល១០ឆ្នាំ នៅក្នុងប្រទេសអាហ្កហ្វានីស្ថាន រាប់សិបដង។ សហភាពសូវៀត បានចូលលុកលុយ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៩។ សង្គ្រាម រវាងសហភាពសូវៀត-អាហ្វហ្គានីស្ថាន បានធ្វើឲ្យទាហានសូវៀត ប្រហែល ១៥ ០០០នាក់ស្លាប់ និង ៣៥ ០០០នាក់ផ្សេងទៀត                      រងរបួស។

បើទោះជាយ៉ាងណា សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់អ៊ុយក្រែន តែប៉ុណ្ណោះ ខណៈក្រុមមន្រ្ដីយោធាជាន់ខ្ពស់របស់ក្រុងកៀវ មិនបានបញ្ជាក់ អំពីទំហំខូចខាត នៃកងទ័ពរបស់ខ្លួន ដោយរាប់បញ្ចូលទាំងអ្នកស្លាប់ និង រងរបួស។ រីឯតួលេខពិតប្រាកដ នៃចំនួនអ្នកស្លាប់ នៅក្នុងសង្គ្រាមនេះ ក៏នៅមិនទាន់មានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ ព្រោះភាគីជម្លោះទាំង២ អាចទំនងជាសុទ្ធតែអួតអាងរៀងៗខ្លួន៕