2024-02-07 11:04
328

រដ្ឋធានីដាម៉ាស់ (Damascus)៖ ស្របពេលសហរដ្ឋអាមេរិក បានវាយប្រហារសងសឹក ទៅលើប្រទេសស៊ី និង អ៊ីរ៉ាក់ ពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីតាំងយោធារបស់ខ្លួន នៅក្នុងប្រទេសហ្ស៊កដានី រហូតបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនោះមក ស៊ីរី បានចោទប្រកាន់ដល់ទាហានអាមេរិក អំពីការលួយទ្រព្យសម្បត្ដិជាត នៅក្នុងប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋស៊ីរី SANA បានរាយការណ៍ កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កងទ័ពសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការរបស់ពួកគេ សម្រាប់លួចទ្រព្យសម្បត្តិជាតិ នៅក្នុងប្រទេសស៊ីរី ជាពិសេស ប្រេង និង ធញ្ញជាតិ។ កងកម្លាំងអាមេរិក បានរត់ពន្ធប្រេង និង គ្រាប់ធញ្ញជាតិ នាំចេញពីប្រទេសស៊ីរី ដោយខុសច្បាប់។

ប្រភពព័ត៌មានដដែល បានបន្ដ ថា បើគិតត្រឹមតែរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពសហរដ្ឋអាមេរិក បានដឹកជញ្ជូនធនធានទាំងនោះ តាមរថក្រោះចំនួន១៦០គ្រឿង ដែលបានលួចចេញពីប្រទេសស៊ីរី ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់។

បើតាមអភិបាលខេត្តអាល់ហាសាកះ (Al-Hasakah) នៅភាគឦសាន នៃប្រទេសស៊ីរី បានអះអាង ថា ក្បួនរថយន្តដឹកប្រេង ចំនួន៨៤គ្រឿង បានបើកចេញពីវាល Al-Hasakah ឆ្លងកាត់ព្រំដែនម៉ះមូឌីយ៉ា (Mahmoudiya) ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ រីឯក្បួនរថយន្តដឹកប្រេង ចំនួន៧៦គ្រឿងផ្សេងទៀត បានដឹកស្រូវសាលី និងស្រូវបាឡេ ចេញពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលបានរឹបអូស ដោយកងជីវពល នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ក្រោមការដឹកនាំរបស់កងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែនអាល់វ៉ាលីដ (Al-Waleed) ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។

ស្របគ្នានេះដែរ រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក អំពីការរំលោភមកលើដែនអធិបតេយ្យភាពរបស់ខ្លួន និង កេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរបស់ប្រទេសស៊ីរី។ រហូតមកដល់ពេលនេះ ប្រទេសស៊ីរី កំពុងតែរងឥទ្ធិពលសង្គ្រាម និង ការលួចធនធានសំខាន់ៗរបស់ប្រទេស ទើបធ្វើឱ្យបញ្ហាសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរឡើង។ រីឯតួនាទីរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ជាការបំពានមកលើច្បាប់ និង បទដ្ឋានអន្តរជាតិ។

លោក ហ្វាហាន់ ចាមីល អាប់ឌូលឡះ (Farhan Jamil Abdullah) ប្រធានក្រុមហ៊ុនប្រេងស៊ីរីគ្រប់គ្រងដោយរដ្ឋ ធ្លាប់លើកឡើង កាលពីខែកក្កដា ឆ្នាំ២០២៣ ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសស៊ីរី ក៏ដូចជា វត្តមានយោធារបស់ប្រទេសមហាអំណាចមួយនេះ នៅក្នុងប្រទេសស៊ីរី បាននាំឱ្យមានការកាត់បន្ថយនូវផលិតកម្មប្រេងរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះពី ៣៨៥ ០០០បារ៉ែលក្នុងមួយថ្ងៃ មកនៅត្រឹម ១៥ ០០០ បារ៉ែល ខណៈការផលិតឧស្ម័ន ក៏បានធ្លាក់ចុះពី៣០លានម៉ែត្រគុប ក្នុងមួយថ្ងៃ មកត្រឹមតែ១០លានម៉ែត្រគុបក្នុងមួយថ្ងៃ។  ដោយឡែក រដ្ឋាភិបាលស៊ីរី បានបាត់បង់នូវការគ្រប់គ្រងលើវិស័យថាមពល ភាគច្រើន  ដោយសារតែវត្តមានរបស់យោធាអាមេរិក នៅក្នុងតំបន់សម្បូរប្រេង នៅភាគខាងជើង និង ភាគខាងកើត ប្រទេសស៊ីរី។

ជាមួយគ្នានេះ លោក ហ្វីរ៉ាស់ ហាស់សាន់ ហ្កាដឌូរ ( Firas Hassan Qaddour) រដ្ឋមន្រ្ដីក្រសួងប្រេងស៊ីរី ធ្លាប់អះអាង កាលពីខែកក្កដា ឆ្នាំ២០២៣ ថា វត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ ប្រហែល១០០ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យថាមពលនៅស៊ីរី៕