2024-02-08 11:33
348

(បាកដាដ)៖ មេបញ្ជាការម្នាក់របស់ក្រុម Kataib Hezbollah ជាចលនាប្រដាប់អាវុធមួយគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងដែលមន្ទីរបញ្ចកោណ ចោទថាជាអ្នកនៅពីក្រោយការវាយប្រហារលើកងទ័ពអាមេរិក ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ។ នេះបើតាមយោធាអា មេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

យោធាអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «កងកម្លាំងអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយតែម្នាក់ឯង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក ដោយបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម Kataib Hezbollah ដែល ទទួលខុសត្រូវលើការដឹកនាំផែនការ និងចូលរួមក្នុងការវាយប្រហារលើកងកម្លាំងអាមេរិក នៅក្នុងតំបន់»។ យោធាអាមេរិកមិនបានបញ្ជាក់ពីឈ្មោះរបស់ មេបញ្ជាការរូបនោះឡើយ ដោយគ្រាន់តែបន្ថែមថាមិនមានជនស៊ីវិលស្លាប់ ឬរងរបួសក្នុងការវាយប្រហាររបស់ខ្លួនទេ។

ប៉ុន្តែ ប្រភពផ្នែកសន្តិសុខ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាមេបញ្ជាការក្រុម Kataib Hezbollah ឈ្មោះ Abu Baqir al-Saadi ដែលស្ថិតនៅក្នុងចំណោមមនុស្ស៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនលើរថយន្ដមួយគ្រឿង នៅភាគខាងកើតទីក្រុងបាកដាដ។