2024-02-08 15:38
398

បុរីញូវយ៉ក៖ ជាមួយនឹងការកើតមានសង្គ្រាម នៅតំបន់ហ្កាហ្សា និង ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និង ភាពវឹកវរ នៅតាមបណ្ដាប្រទេសជាច្រើនទៀតនោះ ប្រធានអង្គការសហប្រជាជាតិ បានព្រមានអំពីពិភពលោក កំពុងតែវិលទៅរកសម័យកាលចលាចល កាលពីអតីតកាល។

 ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាងធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ) បានព្រមាន ថា «បច្ចុប្បន្ន ពិភពលោក កំពុងតែវិលត្រឡប់ទៅរក«យុគសម័យចលាចល» ។ ការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិ បានកើតឡើង ស្របពេលក្រុមប្រឹក្សាសន្តិសុខ កំពុងតែបែកបាក់គ្នា មិនអាចដោះស្រាយបញ្ហាសំខាន់ៗបាន រួមមាន សង្រ្គាម រវាងអ៊ីស្រាអែល និង ក្រុមហា            ម៉ាស់ជាដើម។ 

 ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ប្រសិនបើកងទ័ពអ៊ីស្រាអែល ពិតជាបង្កើននូវការវាយប្រហារ លើទីក្រុងរ៉ាហ្វះ (Rafah) នោះមែន នឹងធ្វើឱ្យវិបត្តិមនុស្សធម៌ កាន់តែអាក្រក់ឡើងបន្ថែមទៀត ខណៈស្ថានការណ៍បច្ចុប្បន្ន កំពុងតែយ៉ាប់យ៉ឺនស្រាប់ផង។ សកម្មភាពប្រតិបត្ដិការសឹករបស់អ៊ីស្រាអែល អាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។

 ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា «នេះជាពេលវេលា សម្រាប់បទឈប់បាញ់ មនុស្សធម៌ជាបន្ទាន់ និង ការដោះលែងចំណាប់ខ្មាំងទាំងអស់ ដោយគ្មានលក្ខ            ខណ្ឌ។ ជម្លោះទាំងនេះ កំពុងតែរុញច្រានពិភពលោករបស់យើង ធ្លាក់ចូលក្នុងយុគសម័យចលាចល..និងពោរពេញ ដោយគ្រោះថ្នាក់ ហើយមិនអាចព្យាករទុកជាមុនបាន»សង្គ្រាម នៅតំបន់ហ្កាហ្សា បានកើតឡើង ក្រោយពេលក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានឆក់យកជីវិតមនុស្ស ប្រហែល ១ ២០០នាក់ និង ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ សកម្មភាពរបស់ក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីន មួយនេះ បាននាំឲ្យកើតសង្គ្រាម នៅតំបន់ហ្កាហ្សា ដោយបានឆក់យកអាយុជីវិតមនុស្ស យ៉ាងតិចជាង ២៧ ៧០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន៧០ភាគរយ ជាស្រ្ដី និង កុមារ ខណៈមានមនុស្ស យ៉ាងតិចជាង ៦៧ ១០០ផ្សេងទៀត រងរបួស៕