2024-03-12 16:48
302

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានការប្រកួតប្រជែង កាន់តែខ្លាំងលើប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងមហាយក្សចិន នោះ កងទ័ពអាកាសសហរដ្ឋអាមេរិក ក៏ចាប់ផ្ដើមបញ្ចេញយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន គ្រប់គ្រងដោយប្រព័ន្ធ AI ចំនួន១០០០គ្រឿង ផងដែរ។

សារព័ត៌មាន Kyiv Post បានចេញផ្សាយ កាលពីដើមខែមីនា ឆ្នាំ២០២៤ ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានពិភាក្សា អំពីកម្មវិធីយន្ដហោះប្រយុទ្ធរួមគ្នា (CCA) របស់ខ្លួន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០។ រីឯកម្មវិធីយន្ដហោះ CCA នេះ គឺប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដើម្បីប្រតិបត្តិការ នៅក្នុងក្រុមសហការ ជាមួយនឹងយន្តហោះប្រយុទ្ធជំនាន់ថ្មី ដែលមានមនុស្សបើក។

ស្នាដៃដ៏ជោគជ័យ សម្រាប់យន្ដហោះគ្មានមនុស្សបើក នៅក្នុងនាមជាអ្នកបង្កើនកម្លាំង នៅអ៊ុយក្រែន បានដាក់កម្លាំងរុញច្រានថ្មី នៅពីក្រោយកម្មវិធីនេះ ដោយការស្វែងរកនូវកម្លាំងបន្ថែម ជួយដល់កងយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ជាមួយនឹងដ្រូន ដឹកនាំដោយ AI មានតម្លៃថោក។

បើតាមកាសែត Wall Street Journal  បានឲ្យដឹង ថា កងទ័ពអាកាសសហរដ្ឋអាមេរិក គ្រោងនឹងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក ប្រហែល១ពាន់គ្រឿង បំពាក់ដោយប្រព័ន្ធ AI នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ យន្តហោះគ្មានមនុស្សបើក ឬ ដ្រូននេះ ដំបូងឡើយ នឹងដើរតួជាអ្នកជួយការពារ ដើម្បីបំពេញបន្ថែមដល់កិច្ចការពារ និង គាំទ្រជួយដល់យន្តហោះចម្បាំងទំនើបៗ ដែលមានមនុស្សបើក ដូចជា យន្តហោះចម្បាំង F-35 ជំនាន់ទី៥របស់សហរដ្ឋអាមេរិក។

សកម្មភាពរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងតែធ្វើដំណើរឆ្ពោះទៅរកយន្តហោះចម្បាំងគ្មានមនុស្សបើក ហើយវាជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រយោធា ជាមួយនឹងវិធីសាស្រ្តថ្មីមួយ នៅក្នុងការរួមបញ្ចូលនូវការច្នៃប្រឌិតបច្ចេកវិទ្យា ជាមួយនឹងភាពបត់បែន នៃយុទ្ធសាស្ត្រ ដែលយន្តហោះគ្មានមនុស្សបើក បានផ្តល់នូវការប្រយុទ្ធ នៅអ៊ុយក្រែន។ ប្រសិនបើជោគជ័យ កម្មវិធី CCA នឹងកំណត់ឡើងវិញនូវអនាគត នៃសង្គ្រាមពីលើអាកាស ហើយនឹងមានភាពរហ័សរហួន ប្រសិទ្ធភាព និង សមត្ថភាពដ៏ខ្លាំងក្លាបន្ថែមទៀត។

លោក ហ្វ្រែងខ៍ ខេនដល (Frank Kendall) រដ្ឋលេខាធិការកងទ័ពអាកាស បានអះអាង ថា «យន្តហោះគ្មានមនុស្សបើកទាំងនេះ មិនមែនគ្រាន់តែជាការបន្ថែមកម្លាំង ទៅលើកងនាវាប៉ុណ្ណោះទេ ប៉ុន្ដែវាជាអ្នកសង្គ្រោះជីវិតដ៏មានសក្តានុពល ដោយបានប្រកាស អំពីយុគសម័យថ្មី យន្ដហោះប្រយុទ្ធគ្មានអ្នកបើក នឹងដើរតួយ៉ាងសំខាន់ នៅក្នុងការធានាបាននូវជ័យជម្នះ និង ការការពារដល់អាយុជីវិតទាហានថែមទៀតផង៕