2024-03-13 11:16
311

(បេរ៉ូត)៖ ប្រភពនៅក្នុងប្រទេសលីបង់បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ជាថ្ងៃទីពីរជាប់ៗគ្នា នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយបានវាយប្រហារទៅលើទីតាំងរបស់ហេសប៊ូឡា និងបានសម្លាប់សមាជិកយ៉ាងហោចណាស់ម្នាក់ នៃក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

នៅថ្ងៃអង្គារនេះដែរ ចលនាហេសប៊ូឡាក៏បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលជាង ១០០ គ្រាប់ទៅកាន់អ៊ីស្រាអែលផងដែរ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធជាង ៥ ខែ ដែលខ្លួនកំពុងដំណើរការ ស្របគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សា។

ប្រភពមួយដែលដឹងព័ត៌មានលម្អិតបាននិយាយថា សមាជិកក្រុមហេសប៊ូឡាម្នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសលើភូមិ Nabi Sheet។ តំបន់ដែលត្រូវបានគេកំណត់នោះ គឺជាបន្ទាយដ៏រឹងមាំរបស់ក្រុមហេសប៊ូឡាលីបង់ ស្ថិតក្បែរព្រំដែនលីបង់-ស៊ីរី។

គួរជម្រាបថា សង្រ្គាមនៅហ្គាហ្សាបានបង្កឲ្យមានអរិភាពដ៏អាក្រក់បំផុត រវាងក្រុមហេសប៊ូឡា និងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ដោយបានជំរុញឱ្យមានការព្រួយបារម្ភអំពីជម្លោះដ៏ខ្លាំងក្លា រវាងគូប្រជែងប្រដាប់អាវុធខ្លាំងទាំងពីរ។

ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងការវាយប្រហារមួយ ដែលបានវាយប្រហារច្រកចូលភាគខាងត្បូងទៅកាន់ទីក្រុង Baalbek ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីប្រាសាទបុរាណរបស់រ៉ូម៉ាំងផងដែរ៕