2024-03-18 14:58
320

រដ្ឋធានីមូស្គូ៖ លោក វ៉្លាឌីមៀ ពូទីន បានឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធា នាធិបតី នៅរុស្ស៊ី ហើយលទ្ធផលនេះ បានជួយឲ្យគាត់ កាន់កាប់វិមានក្រឹមឡឹម មួយអាណត្ដិ រយៈពេល៦ឆ្នាំបន្ដទៀត ដោយវ៉ាដាច់មេដឹកនាំសូវៀត លោក ចូសេប ស្ដាលីន (Joseph Stalin) និង ធ្វើឲ្យគាត់ក្លាយជាមេដឹកនាំ កាន់កាប់តំណែងយូរជាងគេ នៅក្នុងប្រវត្ដិសាស្រ្ដរបស់រុស្ស៊ី អស់រយៈពេលជាង២០០ឆ្នាំកន្លងមកនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្ដឈ្នះការភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ (១៧ មីនា) ក្រោយសម័យសហភាពសូវៀត បានដួលរលំ កាលពីអំឡុងឆ្នាំ១៩៩១។ លទ្ធផលបោះឆ្នោតនេះ បានជួយពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់គាត់ ខណៈរដ្ឋាភិបាលក្រុងមូស្គូ មានសិទ្ធិ នៅក្នុងការក្រោកឈរឡើង ប្រឆាំងនឹងលោកខាងលិច ហើយបានបញ្ជូនកងទ័ពរបស់រុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

លោក វ៉្លាឌីមៀ ពូទីន ធ្លាប់អតីតវរសេនីយ៍ឯក នៃទីភ្នាក់ងារសន្ដិសុខសម័យសហភាពសូវៀត KGB  បានឡើងកាន់អំណាចដំបូង នៅរុស្ស៊ី នាអំឡុងឆ្នាំ១៩៩៩។ លទ្ធផលបោះឆ្នោតនេះ ក្លាយជាគោលបំណង គូសបញ្ជាក់ទៅកាន់លោកខាងលិច ថា មេដឹកនាំរបស់ខ្លួន នឹងត្រូវតែគិតគូរជាមួយរុស្ស៊ី ដោយមានភាពក្លាហាន មិនថាក្នុងសង្រ្គាម ឬសន្តិភាព សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀតនោះឡើយ។

ស្របគ្នានេះដែរ លោកប្រធានាធិបតី ពូទីន ក៏បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច អំពីជម្លោះ រវាងប្រទេសរុស្ស៊ី និង សម្ពន្ធមិត្តយោធារបស់អង្គការណាតូ នឹងកាន់តែខិតចូលទៅរកសង្គ្រាមលោកលើកទី៣។ ថ្វីបើគាត់តែងតែអះអាង ថា ស្ទើរតែមិនមានអ្នកណាម្នាក់គិតទៅដល់សង្គ្រាមមហាប្រល័យលោកយ៉ាងណាក៏ដោយ៕