2024-03-18 15:08
352

រដ្ឋធានីហាណូយ៖ រហូតមកដល់ពេលនេះ វៀតណាម បានរកឃើញប្រធានក្រុមហ៊ុន កូនរបស់គាត់ និង មនុស្សចំនួន១៣នាក់ផ្សងទៀត ពាក់ព័ន្ធនឹងការកេងបន្លំលុយចំនួន ៣៤៩លានដុល្លារ ពីអ្នកវិនិយោគ ចំនួន ៦ ៦៣០នាក់ ហើយករណីនេះ បានកើតឡើង ក្រោយពេលមានការចោទប្រកាន់ទៅលើមហាសេដ្ឋិនីវៀតណាមម្នាក់ ពាក់ព័ន្ធនឹងលុយ១២ពាន់លានដុល្លារ។

សារព័ត៌មានរបស់វៀតណាម Vnexpress បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ថា លោក ដូ អាញ់ ដុង (Do Anh Dung) ប្រធានក្រុមហ៊ុនអចលនទ្រព្យ Tan Hoang Minh (តាន់ ហង មិញ) រួមជាមួយនឹងកូនរបស់គាត់ និង មនុស្សចំនួន១៣នាក់ផ្សេងទៀត បានរងនូវការចោទប្រកាន់ ពីការចេញមូលប្បទានបត្រ ដើម្បីលួចលុយចំនួន ៨,៦លានលានដុង (លុយវៀតណាម) ឬស្មើនឹង ៣៤៩លានដុល្លារអាមេរិក ពីអ្នកវិនិយោគ ចំនួន ៦ ៦៣០នាក់។ លោកប្រធានក្រុមហ៊ុន រូបនេះ បានដឹកនាំកូនរបស់គាត់ឈ្មោះ ដូ ហង វៀត (Do Hoang Viet) ចេញមូលប្បទានបត្រ អង្គាសប្រាក់សងបំណុល។

លោក ដូ អាញ់ ដុង (Do Anh Dung) ប្រធានក្រុមហ៊ុនអចលនទ្រព្យ Tan Hoang Minh បានយល់ព្រមលើការចេញមូលបត្របំណុល ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Tan Hoang Minh ហើយបន្ទាប់មក អនុញ្ញាតឱ្យក្រុមហ៊ុនមេ ទិញមូលបត្របំណុលត្រឡប់មកវិញ ដើម្បីលក់ទៅឱ្យវិនិយោគិន។ បើទោះជាយ៉ាងនេះ ក្រុមហ៊ុន Tan Hoang Minh មិនដែលបង់ប្រាក់ពេញលេញនោះឡើយ។

លោក Dung បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មមូលបត្រ នៅក្នុងក្រុមហ៊ុន ហើយបានប្រគល់ទៅឱ្យកូនប្រុសរបស់គាត់ គ្រប់គ្រង។ គាត់បានទទួលរបាយការណ៍ អំពីចំនួនមូលបត្របំណុល ត្រូវបានលក់ក្នុងមួយថ្ងៃ។ បន្ទាប់មកគាត់បានបញ្ជាឱ្យក្រុមហ៊ុន Tan Hoang Minh ប្រើប្រាស់ប្រាក់ ដែលបានមកពីមូលបត្របំណុល សម្រាប់គោលបំណងផ្សេងទៀត ហើយមិនមែនជាអ្វីដែលបានសន្យា ចំពោះអ្នកវិនិយោគ។ជនជាប់ចោទទាំង១៥នាក់ នឹងត្រូវកាត់ទោស នៅថ្ងៃទី១៩ ខែមីនា ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំទ្រព្យសម្បត្តិ ជិតពីរឆ្នាំ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន។ ការជំនុំជម្រះនេះ ត្រូវបានកំណត់ រយៈពេល២០ថ្ងៃ។

ករណីសំណុំរឿងនេះ បានកើតឡើង ស្រដៀងគ្នា ក្រោយពេលលោកស្រី ទ្រួង មី ឡាន (Truong My Lan) មហាសេដ្ឋិនីអចលនទ្រព្យរបស់វៀតណាម កំពុងតែប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅក្នុងរឿងកាត់ក្តីមួយ ត្រូវបានចាប់ផ្តើមដំណើរការចោទប្រកាន់ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) ក្រោមការចោទប្រកាន់ ពីបទក្លែងបន្លំនូវទឹកប្រាក់ ចំនួន១២,៥ពាន់លានដុល្លារអាមេរិក។ នេះជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុត នៅក្នុងប្រទេសកុម្មុយនិស្ដអាស៊ានមួយនេះ។

បើតាមឯកសាររបស់រដ្ឋាភិបាល បានឲ្យដឹង ថា មហាសេដ្ឋិនីវៀតណាម វ័យ៦៦ឆ្នាំរូបនេះ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat (វ៉ាន់ ធិញ ផាត) ហើយលោកស្រី ត្រូវបានចោទប្រកាន់ អមពីការប្រើប្រាស់ឈ្មោះក្រុមហ៊ុនខ្មោច រាប់ពាន់ក្រុមហ៊ុន បង់ប្រាក់សំណូកទៅដល់ក្រុមមន្រ្ដីរដ្ឋាភិបាលជាច្រើននាក់ និង បានរំលោភលើច្បាប់ធនាគារ។ លោកស្រី បានរងនូវការចោទប្រកាន់ អំពីការគ្រប់គ្រង ដោយខុសច្បាប់ លើធនាគារពាណិជ្ជកម្មភាគហ៊ុនរួម Saigon ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ហើយបានប្រើប្រាស់ធនាគារនេះ សម្រាប់ការកេងបន្លំប្រាក់ ចំនួន១២,៥ពាន់លានដុល្លារអាមេរិក។

ក្រៅពីមហាសេដ្ឋិនីរូបនេះ ក៏មានមនុស្សចំនួន៨៥នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ ដោយរាប់បញ្ចូលទាំងអតីតមន្រ្ដីធនាគារដ្ឋវៀតណាម ត្រូវបានចោទប្រកាន់ពីការទទួលសំណូក រហូតដល់៥,២លានដុល្លារអាមេរិក។ លោកស្រី មហាសេដ្ឋិនីរូបនេះ ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ហើយលោកស្រី អាចនឹងត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើតុលាការវៀតណាម រកឃើញ អំពីទោសកំហុស ដូចការចោទប្រកាន់មែន៕