2024-03-20 13:31
360

( វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តលើការលក់រថក្រោះដ៏ទំនើបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ២.២ពាន់លានដុល្លារ ទៅឱ្យប្រទេសបារ៉ែន ដែលជាសម្ព័ន្ធមិត្តអារ៉ាប់មួយរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បាននិយាយថាខ្លួនបានជូនដំណឹងទៅកាន់សភាទាំង២ ពីការយល់ព្រមលើការលក់រថក្រោះប្រយុទ្ធ M1A2 Abrams ចំនួន ៥០គ្រឿង ឱ្យប្រទេសបារ៉ែន ដែលកំពុងមានភាពតានតឹងជាមួយអ៉ីរ៉ង់។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ការលក់រថក្រោះប្រយុទ្ធទាំងនេះនឹងជួយធ្វើឱ្យសមត្ថភាព យោធារបស់បារ៉ែនមានភាពល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែ ការអនុម័តការលក់រថក្រោះនេះនៅត្រូវរង់ចាំភ្លើងបៃតង ពីសភាទាំង២ របស់សហរដ្ឋអាមេរិកជាមុនសិន។

គួរបញ្ជាក់ថា បារ៉ែន គឺជាប្រទេសអារ៉ាប់មួយដែលទទួលឱ្យកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិកឈរជើង និងត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តមិនមែនជាសមាជិក NATO ដ៏សំខាន់មួយ ដែលទទួលបានកិច្ចសហប្រតិបត្តិការជាពិសេសជាមួយសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត បារ៉ែនក៏ប្រទេសអារ៉ាប់តែមួយគត់ដែលបានចូលរួមជាសមាជិក ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីក្នុងតំបន់សមុទ្រក្រហមផងដែរ៕