2024-03-22 17:44
290

រដ្ឋធានីហ្សាការតា៖ ក្រុមអ្នកសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ី បានអះអាង កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ អំពីការបញ្ចប់នូវការស្វែងរកជនភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីយ៉ាង  ដែលទូករបស់ពួកគេក្រឡាប់ នៅកណ្ដាលសមុទ្រ នៃខេត្តអាសេ ប្រទេសឥណ្ឌូណេស៊ី ថ្វីបើមានសេចក្ដីរាយការណ៍ អំពីអ្នកនៅរស់រានមានជីវិត ចំនួន៧០នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ។

 លោក មូហាមម៉ាត់ ហ្វាធ័រ រ៉ាច្មាន់ (Muhammad Fathur Rachman) អ្នកនាំពាក្យ ទីភ្នាក់ងារសង្គ្រោះខេត្តអាសេ បានបញ្ជាក់ ថា «ការស្រាវជ្រាវបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា ឆ្នាំ២០២៤។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទាំងអស់ នៅលើទូក ត្រូវបានសង្គ្រោះ។ ជនភៀសខ្លូន ប្រហែល១៥០នាក់ ត្រូវបានគេនិយាយ ថា នៅលើទូក ហើយមនុស្សចំនួន៦៩នាក់ ត្រូវបានរសាត់អណ្ដែត នៅលើឆ្នេរសមុទ្រ នៃខេត្តអាសេ កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) ។ រីឯមនុស្សប្រហែល៥០នាក់ កំពុងតែបាត់ខ្លួន និង ស្លាប់។

 ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់សិបនាក់ ត្រូវបានគេព្រួយបារម្ភ អំពីការលង់ទឹក បន្ទាប់ពីទូកឈើមួយគ្រឿង ដែលបានដឹកមនុស្សប្រហែល១៥០នាក់ បានលិច នៅឆ្នេរសមុទ្រ នៃខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ី។ ទូកនេះ ត្រូវបានគេគិត ថា វាបានជួបនឹងបញ្ហា នៅចម្ងាយប្រហែល១៩គីឡូម៉ែត្រ ពីឆ្នេរគួឡាប៊ូប៉ុន (Kuala Bubon) នៃឆ្នេរសមុទ្រ នាភាគខាងលិចខេត្តអាសេ បន្ទាប់ពីទូកបានបុកផ្ទាំងទឹករលកសមុទ្រធំៗ កាលពីព្រឹក ថ្ងៃពុធ (ទី២០ ខែមីនា)។

 អ្នកនៅរស់រានមានជីវិត បានអះអាង ថា ទូកបានក្រឡាប់លិច។ ប៉ុន្ដែយើងមិនបានដឹង អំពីចំនួនអ្នករងគ្រោះថ្នាក់ ថា មានប៉ុន្មាននាក់នោះឡើយ ខណៈមានការព្រួយបារម្ភ ថា មនុស្សយ៉ាងតិច ចំនួន៥០នាក់បានបាត់បង់ជីវិត ហើយភាគច្រើនជាស្រ្ដី និង កុមារ ដែលមិនអាចហែលទឹករួច។

 បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ប្រហែល១លាននាក់ កំពុងតែរស់នៅក្នុងជំរំយ៉ាងណែនណាប់ នៅក្នុងប្រទេសបង់ក្លាដែស។ ជនភៀសខ្លួនទាំងនេះ បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងរង្គាល ពីទាហានមីយ៉ាន់ម៉ា។ ប៉ុន្ដែចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមីយ៉ាន់ម៉ា នោះមក  ជនជាតិរ៉ូហ៊ីងយ៉ា កាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត បានរត់ភៀសខ្លួន គេចចេញពីប្រទេសនេះ៕