2024-03-29 15:19
302

រដ្ឋធានីអ៊ិស្លាមបាដ៖ ក្រុមមន្រ្ដីប៉ាគីស្ថាន បានអះអាង ថា កម្មករចិន ចំនួន៥នាក់ និង អ្នកបើកបរក្នុងស្រុក ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នាភាគពាយព្យ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ហើយក៏ជាការវាយប្រហារភេរវកម្មចុងក្រោយបំផុត នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

មន្រ្ដីយោធា និង រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ ថា សកម្មភាពភេរវកម្មនេះ មានគោលបំណងបន្ទុចបង្អាក់ដល់ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលក្រុងអ៊ិស្លាមបាដ ជាមួយនឹងក្រុងប៉េកាំង។ 

ស្របគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ប៉ូលិសប៉ាគីស្ថាន បានបញ្ជាក់ ថា ការបំផ្ទុះនេះ បានកើតឡើង នៅក្នុងអំឡុងពេលអ្នកបំផ្ទុះគ្រាប់បែក បានបើករថយន្ត ចូលទៅក្នុងក្បួនរបស់កម្មករ ខណៈធ្វើដំណើរចេញពីរដ្ឋធានីអ៊ិស្លាមបាដ ឆ្ពោះទៅកាន់ទំនប់ដាស៊ូ ដែលជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់ចិន នៅក្នុងប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះនេះ ជាអំពើឃោរឃៅលើកទីបី នៅក្នុងរយៈពេលមួយសប្តាហ៍ ហើយសកម្មភាពនេះ បានធ្វើឲ្យកក្រើកដល់ប្រទេសប៉ាគីស្ថាន ដែលជាសម្ពន្ធមិត្តយុទ្ធសាស្ត្ររបស់ចិន ដោយមានទំនាក់ទំនងយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និង ផ្លូវរបស់មេដឹកនាំចិន លោក ស៊ី ជិនពីង ហើយបញ្ហានេះបានបញ្ជាក់ អំពីការប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើនឡើង សម្រាប់គម្រោងរបស់ចិន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ (ទី២៧ ខែមីនា) ថា រដ្ឋាភិបាលចិន បានស្នើឱ្យប៉ាគីស្ថានស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះឧបទ្ទហេតុនេះឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន និង តាមស្រាវជ្រាវចាប់ខ្លួនជនល្មើស នាំមកកាត់ទោស។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានជំរុញដល់ប៉ាគីស្ថានឲ្យចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាព និង សន្តិសុខដល់ជនជាតិចិន ស្ថាប័ន និង គម្រោងដ៏ធំមួយនេះ៕