
(កំពត)៖ នៅថ្ងៃទី ១០ ខែកម្ភុៈ ឆ្នាំ២០២៥នេះលោក សុឹម ហីមប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឺកឈូ ខេត្តកំពត បានបង្ហាញសេចក្តីសប្បាយរីករាយដែលសហគមន៍របស់ខ្លួនទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍ឲ្យកាន់តែទាក់ទាញជាងមុន។
លោក ស៊ឹម ហីម ប្រធានសហគមន៍ នេសាទត្រពាំងសង្កែ និងភ្ញៀវទេសចរណ៍បានយល់ឃើញថា ការធ្វើដូច្នេះដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរ នឹងជាជំហានដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២៥។
លោក ស៊ឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានប្រាប់ឲ្យដឹងថា លោកនិងប្រជាសហគមន៍បានសប្បាយចិត្តយ៉ាងខ្លាំងដោយសារ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសហការសម្របសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលជំរុញវិស័យទេសចរណ៍ជាច្រើនទៀត។
លោកបានបន្តថាគម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឲ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែម ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ។
ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ បើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។
កញ្ញាយល់ឃើញថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែង មិនថាតំបន់ជនដាច់ស្រយាល ក៏បាននិងកំពុងទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង និងបានដាំបន្ថែមគិតរហូតមកល់បច្ចុប្បន្ន បានចំនួនជាង៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឲ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រី នៅឆ្នាំ២០២៥នេះ ត្រូវពង្រីងឲ្យបានប្រមាណ៣០០បែ។(សឹង រ៉ាត់)
