
ប្រភពរដ្ឋាភិបាលអ៊ុយក្រែនជាន់ខ្ពស់មួយបានបញ្ជាក់ថា ទីក្រុង Kyiv មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ នេះបើតាមការចុះផ្សាយពីគេហទំព័រ BBC News នាថ្ងៃទី ១៧ ខែ កុម្ភៈ នេះ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា ក្រុង Kyiv នឹងចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃចន្ទនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែប្រភពបាននិយាយថា មិនមានគណៈប្រតិភូណាមួយនឹងមានវត្តមាននោះទេ។
ក្នុងនោះដែរ មេដឹកនាំអឺរ៉ុបក៏មិនត្រូវបានស្នើសុំឱ្យចូលរួមការពិភាក្សាដែរ ហើយគ្រោងនឹងជួបជំនួសវិញនៅថ្ងៃចន្ទនៅទីក្រុងប៉ារីសក្នុងកិច្ចប្រជុំកំពូល ដែលរៀបចំដោយប្រធានាធិបតីបារាំងយ៉ាងប្រញាប់ប្រញាល់ ដោយសារការភ័យខ្លាចកាន់តែខ្លាំងឡើងថា ទ្វីបនេះកំពុងត្រូវបានបិទពីការចរចា។
កិច្ចប្រជុំដាច់ដោយឡែកនេះធ្វើឡើងបន្ទាប់ពីសប្តាហ៍ដ៏ច្របូកច្របល់ ដែលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ទាក់ទិនជាមួយនឹងកិច្ចប្រជុំដែលគ្មានវត្តមានរបស់អ៊ុយក្រែនខាងលើនេះលោក Zelensky បានច្រានចោលម្តងហើយម្តងទៀតក្នុងការទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលចរចាដោយគ្មានអ៊ុយក្រែនដោយ លោកបានប្រាប់បណ្តាញទូរទស្សន៍ NBC របស់អាមេរិកកាលពីថ្ងៃអាទិត្យថាគាត់នឹង "មិនទទួលយកការសម្រេចចិត្តណាមួយរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីអំពីអ៊ុយក្រែនទេ" ។

