2025-02-17 11:43
107

ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើងនៅលើទឹកដីរបស់អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ក្រុមមន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ីតែងតែគំរាមកំហែងអំពីការវាយប្រហារដោយអាវុធមហាប្រល័យលោក ប្រឆាំងទៅលើសម្ពន្ធមិត្តរបស់លោកខាងលិច ហើយករណីនេះ បានបង្កើតឲ្យមានសំណួរលើកឡើងថា ប្រសិនបើក្រុងមូស្គូ វាយប្រហារទៅអង្គការណាតូ តើនឹងមានអ្វីកើតឡើង?

សារព័ត៌មានឌីជីថល Tagtik បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក ម៉ាក រូតតេ (Mark Rutte) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ីដឹងច្បាស់ថា នឹងមានអ្វីកើតឡើង សម្រាប់ប្រទេសរបស់គាត់ ប្រសិនបើរុស្ស៊ីហ៊ានវាយប្រហារមកលើដែនដីរបស់អង្គការណាតូ ព្រោះវិមានក្រឹមឡាំងនឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងក្លាបំផុត។

លោកប្រមុខអង្គការណាតូបានសង្កត់ធ្ងន់ថា៖«ប្រសិនបើលោកប្រធានាធិបតី ពូទីន គិត ថា គាត់អាចធ្វើបាន ដោយគ្មានហានិភ័យដ៏ធំសម្បើមចំពោះប្រទេស និងកម្លាំងទាហានរបស់គាត់វាយប្រហារមកលើទឹកដីរបស់អង្គការណាតូនោះ គាត់នឹងត្រូវតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរជាមួយនឹងអង្គការណាតូវាយប្រហារយ៉ាងពេញទំហឹងចូលលុកលុយទៅលើប្រទេសរុស្ស៊ី។ ករណីនេះលោក ពូទីន ពិតជាដឹងច្បាស់អំពីរឿងនេះ។

លោកប្រធានាធអង្គការសម្ពន្ធមិត្ដយោធារបស់លោកខាងលិច បានធ្វើអត្ថាធិប្បាយបែបនេះ ទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ទាក់ទងនឹងរបាយការណ៍លើកឡើងថា ប្រទេសរុស្ស៊ីអាចនឹងមានគម្រោងវាយប្រហារលើប្រទេសណាមួយ ជាសមាជិករបស់អង្គការណាតូនាពេលខាងមុខ។

លោកអគ្គលេខាធិការអង្គការណាតូបានបន្ថែមថា សមត្ថភាពរារាំងរបស់សម្ពន្ធមិត្តណាតូ នាពេលនេះ មានកម្លាំងខ្លាំងក្លាណាស់។ បញ្ហានៅត្រង់ថា ក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំនេះ នឹងលែងមានករណីបែបនេះទៀតហើយ ប្រសិនបើយើងមិនសម្រេចចិត្តដ៏ចាំបាច់នាពេលឥឡូវនេះទេ»។

លោកហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងនូវការងឿងឆ្ងល់អំពីការត្រៀមខ្លួនរបស់កងទ័ពអឺរ៉ុប សម្រាប់ការវាយប្រហារដែលអាចកើតមានជាយថាហេតុថាតើសម្ពន្ធមិត្តនឹងមានប្រតិកម្មលឿនប៉ុនណា ប្រសិនបើរុស្ស៊ីធ្វើប្រតិបត្តិការក្រោមទង់ក្លែងក្លាយ ឬជាមួយកងទ័ពមិនស្គាល់អត្តសញ្ញាណដូចអ្វីដែលបានធ្វើនៅឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែនកាលពីអំឡុងឆ្នាំ២០១៤។

សូមជម្រាបថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ អង្គការណាតូ (តាមភាសាអង់គ្លេស ឬអូតង់ តាមភាសាបារាំង) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ដើម្បីទប់ទល់នឹងកម្លាំងដ៏ខ្លាំងក្លារបស់សហភាពសូវៀត។ 

ប៉ុន្ដែរហូតមកដល់ពេលនេះអង្គការសម្ពន្ធមិត្តយោធាមួយនេះមានសមាជិករហូតដល់ ៣២ប្រទេសហើយក្រោមមាត្រាទី៥ ប្រសិនបើមានការវាយប្រហារមកលើប្រទេសជាសមាជិករបស់ខ្លួន អង្គការមួយនេះនឹងលើកទ័ពទៅវាយប្រហារតបតវិញ៕