2025-02-23 10:45
65

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងពន្យាពេលដោយគ្មានកំណត់ក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាង 600នាក់ ដោយសារតែការបរាជ័យដ៏សំខាន់មួយផ្សេងទៀតនៅក្នុងដំណើរការបទឈប់បាញ់។ 

វាបានកើតឡើងបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែល 6 នាក់ រួមទាំង 4 នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ក្នុងអំឡុងការវាយប្រហារសម្លាប់ក្រុមហាម៉ាសនៅថ្ងៃទី 7 ខែតុលាឆ្នាំ 2023 លើអ៊ីស្រាអែលត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការដោះលែងអ្នកទោសប៉ាឡេស្ទីនឥឡូវនេះ នឹងត្រូវពន្យារពេលរហូតដល់ការប្រគល់ចំណាប់ខ្មាំងបន្ទាប់ដោយក្រុមហាម៉ាសត្រូវបានធានា ដោយលោកបានហៅទង្វើនេះថាថោកទាបដែលក្រុមហាម៉ាស់បានធ្វើរៀងរាល់សប្តាហ៍។ 

បន្ថែមពីនេះ លោក Netanyahu បានចោទប្រកាន់ក្រុម Hamas ពីបទ "រំលោភបំពានម្តងហើយម្តងទៀត" រួមទាំង "ការប្រើប្រាស់ចំណាប់ខ្មាំងដោយឃោរឃៅសម្រាប់គោលបំណងឃោសនា" ។

ហើយចំពោះការពន្យារពេលនេះ ដោយសារតែចំណាប់ខ្មាំងអ៊ីស្រាអែលទាំងប្រាំមួយនាក់គឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយ ដែលនឹងត្រូវប្រគល់មកវិញជាផ្នែកមួយនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពីបទឈប់បាញ់ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ក្រោយ។

តែបើយោងតាមអាជ្ញាធរប៉ាឡេស្ទីន អ្នកទោសចំនួន ៥០នាក់ ដែលនឹងត្រូវដោះលែងត្រូវបានកាត់ទោសអស់មួយជីវិតនិង ៤៤៥នាក់ត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា មកម្ល៉េះ។

ហើយក្រុមហាម៉ាស់បានចាប់ផ្តើមដោះលែងចំណាប់ខ្មាំង ដែលសម្របសម្រួលដោយកាកបាទក្រហម ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី 19 ខែមករា។