2025-02-23 11:11
64

រដ្ឋាភិបាលហ្វីលីពីន បានស្វាគមន៍ការដកប្រទេសចេញពីបញ្ជីប្រាក់កខ្វក់របស់អង្គការឃ្លាំមើលពិភពលោក ដែលអាចជំរុញការផ្ទេរប្រាក់ និងការវិនិយោគពីបរទេសនៅក្នុងសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយរបស់អាស៊ី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Bangkok Post នាថ្ងៃ ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ។

ក្រុមប្រឹក្សាប្រឆាំងការលាងលុយរបស់ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុដើម្បីដកទីក្រុងម៉ានីលចេញពីបញ្ជីនេះ ត្រូវបានគេរំពឹងថានឹង "សម្រួលដល់ប្រតិបត្តិការឆ្លងកាត់ព្រំដែនកាន់តែលឿន និងមានតម្លៃទាប កាត់បន្ថយរបាំងនៃការអនុលោមតាមច្បាប់ និងបង្កើនតម្លាភាពហិរញ្ញវត្ថុ"។

បើយោងតាមក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអាស៊ីអាគ្នេយ៍នេះលែងស្ថិតក្នុងបញ្ជីប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីរដ្ឋាភិបាលជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

ប្រទេសហ្វីលីពីនគឺជាប្រទេសតែមួយគត់ដែលត្រូវបានដកចេញពីបញ្ជី ខណៈដែលប្រទេសឡាវ និងនេប៉ាល់ត្រូវបានបញ្ចូលនៅក្នុងបញ្ជីការលាងលុយកខ្វក់នៅឡើយ។

គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនត្រូវបានបញ្ចូលទៅក្នុងបញ្ជីពណ៌ប្រផេះនៅក្នុងខែមិថុនា ឆ្នាំ 2021 បន្ទាប់ពី FATF បានលើកឡើងពីចំណុចខ្វះខាតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងលំហូរហិរញ្ញវត្ថុខុសច្បាប់។ 

ហើយបន្ទាប់មកទើបមានការសម្រេចចិត្តចុងក្រោយបំផុត របស់អង្គការឃ្លាំមើលពិភពលោកដែលបានធ្វើដំណើរទស្សនកិច្ចនៅនឹងកន្លែងទៅកាន់ទីក្រុងម៉ានីលក្នុងខែមករា ជាកន្លែងដែលប្រទេសហ្វីលីពីនបានបង្ហាញពីការអនុលោមតាមផែនការសកម្មភាពរបស់ខ្លួន រួមទាំងការពង្រឹងការត្រួតពិនិត្យអាជីវកម្មមិនមែនហិរញ្ញវត្ថុ កាត់បន្ថយហានិភ័យជាមួយកាស៊ីណូនិងបង្កើនការស៊ើបអង្កេត ក៏ដូចជាការកាត់ទោសពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម នេះបើយោងតាមក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់បានបញ្ជាក់។