2025-02-28 13:54
84

រដ្ឋធានីបារីស៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំងលោក សេបាស្ទៀន ឡេកូរនូ (Sébastien Lecornu) បានពិភាក្សាអំពីមធ្យោបាយមួយចំនួនសម្រាប់ពង្រឹកសមត្ថភាពការពារជាតិរបស់ប្រទេសមហាអំណាចមួយនេះ ហើយកិច្ចសម្ភាសនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី អេមម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) អះអាងអំពីការគំរាមកំហែងបង្កឡើងដោយរុស្ស៊ីឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ 

នេះបើតាមសារព័ត៌មានឌីជីថល Tagtik បានចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំងបានបញ្ជាក់ថា៖«យើងត្រូវតែសម្លឹងមើលទៅថ្ងៃអនាគត ជាមួយនឹងក្តីព្រួយបារម្ភនៅមុននឹងលើកឡើងថា បញ្ហាទាំងនេះមិនមានការជាប់ពាក់ព័ន្ធដល់កំណែតម្រង់ទិសដៅយុទ្ធសាស្ត្រនៃច្បាប់កំណត់ការចំណាយ និងអាទិភាពលើវិស័យការពារជាតិរបស់យើង (LPM) ប៉ុន្តែការពន្លឿនសមត្ថភាពការពារជាតិត្រូវតែអនុវត្ត។

បើតាមកាសែតរបស់បារាំង Le Monde បានរាយការណ៍ថា ច្បាប់របស់បារាំងដែលកំណត់ការចំណាយ និងអាទិភាពលើវិស័យការពារជាតិចន្លោះពីឆ្នាំ២០២៤-២០៣០ នាពេលបច្ចុប្បន្នបានចំណាយរហូតដល់៤១៣ពាន់លានអឺរូ ឬស្មើនឹងប្រហែលជាង៤២៩ពាន់លានដុល្លារអាមេរិក សម្រាប់កងទ័ពជាមួយនឹងការបង្កើនថវិកាជាង៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ ដោយសារតែបញ្ហាប្រឈមជាច្រើនជាមួយភាពតានតឹងនានារបស់ពិភពលោក។

ដើម្បីពន្លឿននូវការពង្រឹងសមត្ថភាពកងទ័ពបារាំងឲ្យបានលឿននោះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ប្រទេសមហាអំណាចមួយនេះ បានដាក់ចេញនូវមធ្យោបាយមួយចំនួន។ 

ជាពិសេស គាត់បានចង្អុលបង្ហាញថា កងទ័ពជើងទឹកបារាំងអាចនឹងមានកងនាវាចម្បាំងរហូតដល់ចំនួន១៨គ្រឿង ជំនួសឱ្យនាវាចម្បាំង១៥គ្រឿង នាពេលបច្ចុប្បន្ន សម្រាប់កម្លាំងទាហាន ប្រចាំនៅតំបន់ដែនសមុទ្រជាច្រើននៅក្នុងពេលតែមួយចាប់តាំងពីសមុទ្រក្រហមរហូតដល់មហាឥណ្ឌូ-ប៉ាស៊ីហ្វិកតាមរយៈសមុទ្របាល់ទិកនិងមេឌីទែរ៉ាណេ។

រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំងបានសង្កត់ធ្ងន់ថា៖ សម្រាប់កងកម្លាំងទ័ពអាកាសនិង អវកាសនោះ វិបត្ដិសេណារីយ៉ូមួយនេះបង្ហាញថា យន្ដហោះចម្បាំងប្រភេទ Rafales ត្រូវបន្ថែមចន្លោះពី២0គ្រឿងទៅ៣0គ្រឿង អាចធ្វើឱ្យយើងទប់ទល់កាន់តែរឹងមាំនៅក្នុងករណីជាច្រើនទៀត។ 

សម្រាប់វិស័យកងទ័ព យើងត្រូវតែបង្កើនល្បឿនការងាររបស់យើងលើយន្តហោះគ្មានមនុស្សបើក ឬដ្រូននិងសង្រ្គាមអេឡិកត្រូនិកហើយសំណើថ្មីនេះក៏នឹងត្រូវដាក់ជូនលោកប្រធានាធិបតី ម៉ាក្រុង ជុំវិញការពង្រឹងវិស័យការពារជាតិបារាំង៕