
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែមានមហិច្ឆតាយ៉ាងខ្លាំង ចង់បានរ៉ែសំខាន់ៗរបស់អ៊ុយក្រែននោះ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេសបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយបានធ្វើឲ្យមេដឹកនាំអាមេរិករូបនេះ បន្ទន់ឥរិយាបថបើទោះជាគាត់មិនបានផ្ដល់នូវការសន្យាណាមួយសម្រាប់ការធានាដល់សន្ដិសុខរបស់អ៊ុយក្រែនយ៉ាងណាក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឥរិយាបថកាន់តែទន់ភ្លន់លើកិច្ចចរចាបទឈប់បាញ់នៅអ៊ុយក្រែន ខណៈគាត់បានទទួលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក ឃេរ ស្ដារមឺរ (Keir Starmer) ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ប៉ុន្ដែលោកប្រធានាធិបតី បានបដិសេធផ្តល់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ណាមួយធានាសន្តិសុខពីសហរដ្ឋអាមេរិកតាមអ្វីដែលអឺរ៉ុបចង់បានយ៉ាងខ្លាំងនោះឡើយ។
នៅក្នុងកិច្ចប្រជុំដ៏រំភើបមួយនោះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់នូវជោគជ័យ សម្រាប់លោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចធ្វើទៅបាន ខណៈមេដឹកនាំអង់គ្លេសរូបនេះ បាននិយាយអំពីសេចក្តីស្រឡាញ់របស់លោក ដូណាល់ ត្រាំ ចំពោះសែរាជវង្សានុវង្សជាមួយនឹងការអញ្ជើញសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋពីព្រះមហាក្សត្រ Charles III នៃចក្រភព។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយជាមួយនឹងលោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ ថា៖ «បញ្ហានេះអាចនឹងមានភាពយុត្តិធម៌នៅក្នុងពេលឆាប់ៗនេះ ឬវានឹងមិនមានរហូត»។
ប្រធានាធិបតីអាមេរិកបានបង្កឲ្យមានការប្រេះឆាគ្នា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ដោយរាប់បញ្ចូលទាំងការភ័យខ្លាចថា លោក ដូណាល់ ត្រាំ អាចនឹងកាត់អ៊ុយក្រែនចេញពីការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងអំពីលោក ហ្សេឡែនស្គី ថា៖«ខ្ញុំមានការគោរពច្រើនចំពោះគាត់»។
ជាមួយនឹងការដកថយលើបញ្ហាសន្តិសុខរបស់សហរដ្ឋអាមេរិកនោះចក្រភពអង់គ្លេស និងបារាំងចង់បាននូវការពង្រាយកងរក្សាសន្តិភាពបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងពេលមានព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងសន្ដិភាពជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមរបស់ក្រុងមូស្គូ។
ប៉ុន្ដែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមិនទាន់បានប្តេជ្ញាចិត្តនៅឡើយ។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា គាត់បើកចំហ ចំពោះរឿងជាច្រើនទាក់ទងនឹងការធានាសន្តិសុខ ប៉ុន្តែគាត់ចង់ទទួលបានកិច្ចព្រមព្រៀង រវាងរុស្ស៊ី និងអ៊ុយក្រែនជាមុនសិន។
គាត់គិតថា លោកប្រធានាធិបតី ពូទីន នឹងរក្សាពាក្យសម្ដីរបស់ខ្លួន ដោយច្រានចោលនូវការព្រមានរបស់លោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ អះអាងថា បទឈប់បាញ់ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យរុស្ស៊ីឈ្លានពានទៅលើប្រទេសអ៊ុយក្រែនជាថ្មី។
ការមិនប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើឱ្យលោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ ក្លាយជាមេដឹកនាំទីពីរត្រឹមមួយសប្តាហ៍នេះ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនដោយដៃទទេសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីបារាំងលោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានព្យាយាមបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ដើមសប្ដាហ៍នេះ។
លោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា៖«យើងត្រូវតែឈ្នះដោយសន្ដិវិធី។
បញ្ហានេះមិនអាចផ្ដល់សន្តិភាពជារង្វាន់សម្រាប់អ្នកឈ្លានពាននោះឡើយ»។
នាយករដ្ឋមន្ត្រីអង់គ្លេសបានព្យាយាមបង្ហាញថា គាត់មានឆន្ទៈឈានជើងចូលទៅកាន់ប្រទេសអ៊ុយក្រែន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ទទូចម្តងហើយម្តងទៀត ដល់បណ្ដាលប្រទេសនៅអឺរ៉ុប ចូលរួមចំណែកបន្ថែមទៀតជួយការការពារទ្វីបរបស់ពួកគេ។
លោកនាយករដ្ឋមន្រ្ដី ស្ដារមឺរ បានសង្កត់ធ្ងន់ ថា៖«ខ្ញុំច្បាស់ណាស់ថាចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការដាក់ពង្រាយកងទ័ពថ្មើរនិងយន្តហោះចម្បាំង ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងនៅអ៊ុយក្រែន»។
ស្របគ្នានេះដែរ ក្រុមមន្ត្រីចក្រភពអង់គ្លេសបានអំពាវនាវឲ្យមានការគាំទ្រពីសហរដ្ឋអាមេរិករួមទាំងការស៊ើបការណ៍តាមផ្លូវអាកាស និងផ្កាយរណបហើយអំណាចតាមផ្លូវអាកាស ប្រសិនបើមានការចាំបាច់៕
