
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចំពោះការមិនគោរពនៅក្នុងកិច្ចប្រជុំការិយាល័យ Oval វិសាមញ្ញកាលពីថ្ងៃសុក្រ ម្សិលមិញនេះ ដោយលោក ហ្សេលែនហ្គី បានលុបចោលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែមួយ ដែលលោក Trump បាននិយាយថា នឹងធ្វើឱ្យអ៊ុយក្រែនកាន់តែខិតជិតក្នុងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។
កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ម្សិលមិញនេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ហ្សេលែនហ្គី ជាមួយនឹងលោក Trump ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់រ៉ែដ៏កម្ររបស់អ៊ុយក្រែន រួចនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីមានទំនាក់ទំនងដ៏ក្តៅគគុករវាងមេដឹកនាំអ៊ុយក្រែនមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយឲ្យអាមេរិកចូលទៅកាន់រ៉ែដ៏កម្ររបស់ខ្លួននោះទេ។
មេដឹកនាំអ៊ុយក្រែនត្រូវបានស្នើឱ្យចាកចេញពីសេតវិមានដោយទីប្រឹក្សាកំពូលរបស់លោក Trump ភ្លាមៗ បន្ទាប់ពីលោក Trump បានស្រែកដាក់ប្រធានាធិបតីអ៊ុយក្រែន ដោយបង្ហាញពីការមើលងាយដោយបើកចំហចំពោះប្រធានាធិបតីរូបនេះ។
ដោយក្នុងនោះលោក Trump បានប្រាប់ Zelenskyy ថា "ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កំពុងលេងល្បែងជាមួយសង្គ្រាមលោកលើកទី3 ហើយអ្វីដែល ហ្សេលែនហ្គី កំពុងធ្វើគឺមិនគោរពចំពោះអាមេរិកនោះទេ ដោយត្រាំ អះអាងថាមានតែអាមេរិកនោះទេ ដែលគាំទ្រអ៊ុយក្រែនច្រើនជាងមនុស្សជាច្រើននិយាយថាពួកគេគួរតែមាន" ។
10 នាទីចុងក្រោយនៃកិច្ចប្រជុំជិត 45 នាទីបានក្លាយទៅជាភាពតានតឹងទៅវិញទៅមករវាងលោក Trump អនុប្រធានាធិបតី JD Vance និង Zelenskyy។
គោលបំណងសំខាន់របស់ Zelenskyy ក្នុងការមកចូលរួមក្នុងកិច្ចព្រមព្រៀងនេះគឺដើម្បីជំរុញលោក Trump កុំឱ្យបោះបង់ចោលប្រទេសរបស់គាត់ និងដើម្បីព្រមានកុំឱ្យខិតទៅជិតប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ពេក។ ជំនួសមកវិញ គាត់បែរជាត្រូវបានលោក ត្រាំស្រែកចំអកដាក់មុខកាំមេរ៉ាដែលកំពុងតែ Live ទៅវិញ។
បន្ទាប់ពីបានចាកចេញពីសេតវិមាន Zelenskyy បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Fox News នៅល្ងាចថ្ងៃសុក្រដែលក្នុងនោះគាត់បាននិយាយថា ការឈ្លោះប្រកែកគ្នាជាសាធារណៈរបស់គាត់ជាមួយ Trump និង Vance គឺ "មិនល្អសម្រាប់ភាគីទាំងពីរ" ។
Zelenskyy បានបន្តថា Trump ដែលទទូចថាលោក Putin ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរយៈពេល 3ឆ្នាំ ចាំបាច់ត្រូវយល់ថាអ៊ុយក្រែនមិនអាចផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះរុស្ស៊ីដោយចៃដន្យទេ។
លោក Zelenskyy បានបន្ថែមថា អ៊ុយក្រែននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីទេ រហូតដល់ប្រទេសនេះមានការធានាសន្តិសុខប្រឆាំងនឹងការវាយលុកមួយផ្សេងទៀត។

