2025-03-01 13:46
67

KYIV៖ ប្រជាជនអ៊ុយក្រែននៅតាមដងផ្លូវនៃទីក្រុង Kyiv បានប្រមូលផ្តុំគ្នាក្នុងការគាំទ្រដល់ប្រធានាធិបតី Volodymyr Zelenskiy កាលពីថ្ងៃសុក្របន្ទាប់ពីប្រធានាធិបតីរបស់ពួកគេបានទទួលរងនូវការអាម៉ាស ដោយការស្រែកគំហកពីលោក ត្រាំ ខណៈដែល ហ្សេលែនហ្គី មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន។

លោក Trump បានចោទប្រកាន់ Zelenskiy ពីបទប្រថុយនឹងសង្គ្រាមលោកលើកទី 3 និងការមិនដឹងគុណ ចំពោះទីក្រុងវ៉ាស៊ីនតោនចំពោះជំនួយយោធាដែលបានផ្តល់ឱ្យអ៊ុយក្រែន។

ចំណែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មន្ត្រីអ៊ុយក្រែន និងបុគ្គលល្បីៗផ្សេងទៀតក៏បានគាំទ្រលោក Zelenskiy ផងដែរ ដោយអំពាវនាវឱ្យមានការរួបរួមគ្នានៅក្នុងប្រទេសដែលកំពុងតែហត់នឿយនឹងសមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំនៃសង្គ្រាមនេះ។

ប៉ុន្តែគ្រប់គ្នាកំពុងតែមានការព្រួយបារម្ភថា ពាក់ព័ន្ធជាមួយនឹងភាពតានតឹងរវាងមេដឹកនាំទាំងពីរខាងនេះ តើអាចនឹងបង្កឲ្យមានការប្រេះឆារវាងពួកគេកើតឡើងដែរឬទេ? 

ហើយបើសិនជាបែបនេះពិតមែន តើវាសនារបស់អ៊ុយក្រែននឹងទៅជាយ៉ាងណា?

បើតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលនៅក្នុងកិច្ចប្រជុំជាមួយលោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "ប្រធានាធិបតី Zelenskiy មានសេចក្តីក្លាហាន និងកម្លាំងដើម្បីក្រោកឈរឡើងសម្រាប់អ្វីដែលត្រឹមត្រូវ" ។

ចំណែកឯ Andriy ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យបែរជាយល់ឃើញថា "ប្រសិនបើគ្មានអាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកទេនោះយើងនឹងមិនឈ្នះសង្រ្គាមនេះទេហើយខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ" ។

គួរបញ្ជាក់ថា ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោង រវាងលោក ត្រាំ និង ហ្សេលែនហ្គី គឺមានគោលបំណងក្នុងារចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងចែករំលែកប្រាក់ចំណេញពីប្រាក់បញ្ញើវត្ថុធាតុដើមសំខាន់ៗ របស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ វាបានប្រែក្លាយទៅជាការប្រេះស្រាំដ៏សាហាវនៅមុខកាមេរ៉ា ខណៈដែលលោក Trump បានធ្វើឱ្យលោក Zelenskiy ខឹងសម្បារយ៉ាងខ្លាំង ដោយបដិសេធមិនថ្កោលទោសរុស្ស៊ី ដែលបានបើកការលុកលុយពេញលេញលើអ៊ុយក្រែនកាលពីបីឆ្នាំមុន និងបានកាន់កាប់ផ្នែកខ្លះរបស់អ៊ុយក្រែនតាំងពីឆ្នាំ 2014 ផងដែរ។