2025-03-02 15:01
77

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy យ៉ាងកក់ក្តៅកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីពិភាក្សាបន្ទាប់ពីការប៉ះទង្គិចរបស់គាត់នៅសេតវិមានជាមួយប្រធានាធិបតីអាមេរិក Donald Trump ។

នាយករដ្ឋមន្រ្តីអង់គ្លេសបានប្រាប់លោក Zelenskiy ថាគាត់មាន "ការគាំទ្រអ៊ុយក្រែន ពេញទំហឹងនៅទូទាំងចក្រភពអង់គ្លេស" ។ 

នាយករដ្ឋមន្រ្តីរូបនេះបានបន្តថា "លោកនឹងឈរជាមួយហ្សេលែនហ្គីនិងអ៊ុយក្រែនឱ្យបានយូរតាមដែលអាចធ្វើទៅបាន" ។

ស្របគ្នានេះដែរ លោក Zelenskiy ក៏បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា លោកមានកិច្ចពិភាក្សា "សំខាន់ និងកក់ក្តៅ" ជាមួយលោក Starmer ជាមួយនឹងការពិភាក្សាស្តីពីការពង្រឹងជំហររបស់អ៊ុយក្រែន និងទទួលបានការធានាសន្តិសុខដែលអាចទុកចិត្តបាន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ កន្លងទៅ នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែន និងលោក ត្រាំ បានបង្កឲ្យមានការប៉ះទង្គិចពាក្យសម្ដីគ្នា ដោយសារតែលោក ហ្សេលែនហ្គី មិនព្រមចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងដោយអនុញ្ញាតឲ្យអាមេរិកចូលទៅកាន់រ៉ែដ៏កម្ររបស់អ៊ុយក្រែន។ 

ហើយចំពោះការប៉ះទង្គិចពាក្យសម្ដីគ្នានេះ បានបង្កឲ្យលោក ហ្សេលែនហ្គី មានការអាម៉ាសមុខយ៉ាងខ្លាំងដោយសារតែការស្រែកគំហគរបស់លោកត្រាំមកលើប្រធានាធិបតីអ៊ុយក្រែនរូបនេះ។ 

ប៉ុន្តែស្របគ្នានោះដែរ ក៏មានមេដឹកនាំនៅប៉ែកអឺរ៉ុបជាច្រើនផ្សេងទៀតដែលបាន បង្ហាញពីការគាំទ្រទៅដល់លោក ហ្សេលែនហ្គី ដោយក្នុងនោះក៏មាននាយករដ្ឋមន្រីអង់គ្លេសផងដែរ។  

ហើយអង់គ្លេសធ្លាប់ជាអ្នកគាំទ្រអ៊ុយក្រែន ហើយលោក Charles ក៏ធ្លាប់បានបង្ហាញការគាំទ្រចំពោះលោក Zelenskiy ដោយនិយាយពី "ការប្តេជ្ញាចិត្ត និងកម្លាំង" របស់ប្រជាជនអ៊ុយក្រែនចំពោះមុខការវាយប្រហារដោយមិនញញើតពីរុស្ស៊ីទៀតផង។