2025-03-03 14:13
51

ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា លោកអាចជួយសង្គ្រោះទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ទាប់ពីកិច្ចប្រជុំដែលប្រធានាធិបតីទាំងពីររូបនេះបានប៉ះទង្គិចពាក្យសម្ដីគ្នានៅសេតវិមាននាពេលកន្លងមក។

លោក Zelenskiy បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនព្រមប្រគល់ទឹកដីណាមួយឱ្យទៅរុស្ស៊ីជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនោះឡើយ។ 

គាត់បាននិយាយថាគាត់នៅតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ហើយបានពិពណ៌នាអំពីការពិភាក្សាកាលពីថ្ងៃអាទិត្យជាមួយមេដឹកនាំអឺរ៉ុបដើម្បីបញ្ជូនសេចក្តីព្រាងផែនការសន្តិភាពទៅសហរដ្ឋអាមេរិកជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ។

គួររំឭកថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយដែលត្រូវបានផ្សាយផ្ទាល់កាលពីថ្ងៃសុក្រ លោក Trump បានចោទប្រកាន់លោក Zelenskiy ពីការមិនកតញ្ញូចំពោះជំនួយរបស់សហរដ្ឋអាមេរិក និងបានបង្ហាញពីការមិនគោរពចំពោះប្រទេសរបស់គាត់ ហើយនិងការប្រថុយប្រថានដល់សង្គ្រាមលោកលើកទី3 ថែមទៀតផង។

លោក Zelenskiy បាននិយាយថា លោកមិនគិតថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ជំនួយរបស់ខ្លួនចំពោះអ៊ុយក្រែននោះទេ។ 

លោកបានបន្តថា អ៊ុយក្រែនពឹងផ្អែកលើសហរដ្ឋអាមេរិកជាអ្នកគាំទ្រយោធាកំពូលរបស់ខ្លួន ហើយថាការបញ្ឈប់ការផ្គត់ផ្គង់អាវុធនឹងជួយដល់លោកពូទីនតែប៉ុណ្ណោះ។

ហើយពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំកំពូលកាលពីថ្ងៃអាទិត្យ លោក Starmer ដែលជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយថា មេដឹកនាំអឺរ៉ុបបានយល់ព្រមរៀបចំផែនការសន្តិភាពអ៊ុយក្រែនដើម្បីនាំយកទៅកាន់សហរដ្ឋអាមេរិក ដោយសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ការធានាសន្តិសុខដែលទីក្រុង Kyiv និយាយថាមានសារៈសំខាន់ក្នុងការរារាំងប្រទេសរុស្ស៊ីក្នុងការមកឈ្លានពានអ៊ុយក្រែនតទៅទៀត។