
ប៉េកាំង៖ នាព្រឹកថ្ងៃ អង្គារ នេះ ក្រសួងពាណិជ្ជកម្មចិនបានប្តេជ្ញាសងសឹកប្រឆាំងនឹងពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃបន្ទាប់ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនថា រដ្ឋបាល Trump កំពុងព្យាយាម "ផ្លាស់ប្តូរការស្តីបន្ទោស" និង "សម្លុត" ទីក្រុងប៉េកាំង ជុំវិញលំហូរនៃសារធាតុ fentanyl ។
សូមជម្រាបបន្ថែមថា ពាក់ព័ន្ធនឹងពន្ធបន្ថែម 10% របស់ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងប្រទេសចិនកាលពីសប្តាហ៍មុន ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី 4 ខែមីនា នេះហើយ ដែលបណ្តាលឱ្យមានពន្ធកើនឡើងរហូតដល់ 20% ឯណោះ ដែលនេះប្រៀបដូចជាការឆ្លើយតបទៅនឹងអ្វីដែលអាមេរិកបានចាត់ទុកថាជាភាពអសកម្មរបស់ចិនទៅលើលំហូរនៃគ្រឿងញៀន Fentanyl ។
ហើយពន្ធនេះតំណាងឱ្យការដំឡើងថ្លៃបន្ថែមទៀតចំពោះពន្ធ ដែលមានស្រាប់លើទំនិញចិនរាប់ពាន់មុខ។
ដោយក្នុងនោះសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ចិនបានផ្គត់ផ្គង់សារធាតុគីមីដែលប្រើក្នុងការផលិតសារធាតុ fentanyl។
ប៉ុន្តែភ្លាមៗចិនក៏បានបដិសេធរាល់ការចោទប្រកាន់របស់អាមេរិកផងដែរ។
បើយោងតាមកាសែត Global Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនមានផលិតផលកសិកម្ម និងអាហាររបស់អាមេរិកជាច្រើននៅក្នុងប្រទេសរបស់ខ្លួន ហើយចិននឹងវាយបកវិញជាមួយនឹងពន្ធជាបន្តបន្ទាប់ទៅលើអាមេរិក។
ចំពោះវិធានការដែលចិនគ្រោងនឹងវាយបកវិញទៅកាន់អាមេរិកបែបនេះ នឹងមិនអាចដោះស្រាយបញ្ហារវាងចិននិងអាមេរិកបានទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជារំខានដល់ពាណិជ្ជកម្មអន្តរជាតិជាប្រចាំផងដែរ។
