2025-03-04 12:14
67

អាហ្រ្វិកខាងត្បូង៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិកំពុងបិទការិយាល័យនៅអាហ្វ្រិកខាងត្បូងរបស់ខ្លួន បន្ទាប់ពីមានការកាត់ជំនួយរបស់រដ្ឋបាល Trump នេះបើយោងទៅតាមការចុះផ្សាយពីគេហទំព័រ AP នាថ្ងៃទី ០៤ ខែ មីនា នេះ។

លោក Tomson Phiri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មាន The Associated Press ថាទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមផែនការច្រើនឆ្នាំដើម្បីសម្រួលរចនាសម្ព័ន្ធរបស់ខ្លួននៅឆ្នាំ 2023 ប៉ុន្តែដោយសារតែ "ទស្សនវិស័យផ្តល់មូលនិធិរបស់ម្ចាស់ជំនួយកាន់តែមានកំហិត យើងត្រូវបានគេបង្ខំឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងទាំងនេះ" ។ 

លោកបានបន្តថា "ការប្តេជ្ញាចិត្តរបស់យើងក្នុងការបម្រើសហគមន៍ដែលងាយរងគ្រោះគឺរឹងមាំដូចពីមុន ហើយ WFP នៅតែប្តេជ្ញាធានាថាប្រតិបត្តិការរបស់យើងមានប្រសិទ្ធភាព តាមដែលអាចធ្វើទៅបានក្នុងការបំពេញតម្រូវការរបស់អ្នកដែលប្រឈមនឹងភាពអត់ឃ្លាន"។

គួរបញ្ជាក់ថា WFP មិនបានប្រាប់លម្អិតពាក់ព័ន្ធនឹងថវិកាដែលខ្លួនបានបាត់បង់ពី USAID ប៉ុន្មាននោះទេ ដោយយើងគ្រាន់តែបានថា WFP បានទទួលជំនួយចំនួន ៤,៤ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលស្មើនឹងប្រហែលពាក់កណ្តាលថវិកាសរុបប្រចាំឆ្នាំរបស់ WFP និងច្រើនជាងចំនួនបួនដងនៃចំនួនដែលផ្តល់ដោយម្ចាស់ជំនួយធំទីពីរគឺប្រទេសអាល្លឺម៉ង់។

គួរបញ្ជាល់ថា រដ្ឋបាល Trump ធ្លាប់បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់កិច្ចសន្យាជំនួយបរទេសរហូតទៅដល់ 90% របស់ USAID ដោយសារតែពួកគេមិនបានជំរុញផលប្រយោជន៍ជាតិរបស់អាមេរិកទាល់តែសោះ ដោយបញ្ឈប់ការចំណាយរហូតដល់ 60 ពាន់លានដុល្លារទៅលើគម្រោងមនុស្សធម៌នៅទូទាំងពិភពលោក។

ហើយការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីអាហ្វ្រិកខាងត្បូងរងនូវការវាយប្រហារដោយសារតែគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីឆ្នាំមុន ដោយបានបំផ្លាញដំណាំ និងធ្វើឱ្យមនុស្សចំនួន 27 លាននាក់ស្ថិតក្នុងគ្រោះថ្នាក់នៃភាពអត់ឃ្លានផងដែរ។ 

ហើយពេលនេះ WFP កំពុងតែធ្វើការអំពាវនាវរកជំនួយចំនួន 147 លានដុល្លារ ដើម្បីជួយអ្នកដែលត្រូវការជំនួយមួយចំនួនមុនពេលប្រធានាធិបតី Donald Trump ចាប់ផ្តើមកាត់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក។

សូមជម្រាបឲ្យដឹងថា WFP បានផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនជាង 150 លាននាក់ក្នុងចំនួន 120 ប្រទេសជុំវិញពិភពលោក។ 

ហើយ WFP ក៏ធ្លាប់បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ 2020 ផងដែរ។