
បុរសម្នាក់ដែលតែងតែជួយបរិច្ចាគឈាមរបស់ខ្លួន ដើម្បីជួយសង្គ្រោះទារកជាងពីរលាននាក់ ពេលនេះត្រូវបានបាត់បង់ជីវិតហើយ។ បុរសខាងលើនេះឈ្មោះថា James Harrison បានស្លាប់អំឡុងពេលដែលគាត់បានគេងលក់នៅឯផ្ទះថែទាំមួយក្នុងទីក្រុង New South Wales នៃប្រទេសអូស្ត្រាលី ដោយគាត់មានអាយុ 88 ឆ្នាំ។
បុរសដែលមានវ័យ ៨៨ ឆ្នាំ ខាងលើនេះ ត្រូវបានគេស្គាល់ក្នុងប្រទេសអូស្ត្រាលីថាជាបុរសដៃមាស ដោយគាត់បានបរិចា្ចគឈាមដ៏កម្ររបស់គាត់ដោយមានផ្ទុកនូវអង្គបដិប្រាណដ៏កម្រដែលមានឈ្មោះថា Anti-D ក្នុងការជួយសង្គ្រោះទៅដល់នារីដែលមានផ្ទៃពោះដែលត្រូវបានប្រើសម្រាប់ផលិតថ្នាំដែលផ្តល់ដល់ម្តាយដែលមានផ្ទៃពោះ ដែលឈាមមានហានិភ័យក្នុងការបង្ករគ្រោះថ្នាក់ទៅដល់ទារកដែលមិនទាន់កើត។
Harrison បានចាប់ផ្តើមបរិច្ចាគឈាមប្លាស្មារបស់គាត់នៅពេលគាត់មានអាយុ 18ឆ្នាំ ហើយបុរសរូបនេះនៅតែបន្តធ្វើដូច្នេះរៀងរាល់ពីរសប្តាហ៍រហូតដល់គាត់មានអាយុ 81 ឆ្នាំ។
ក្នុងឆ្នាំ 2005 គាត់មានកំណត់ត្រាពិភពលោកសម្រាប់ការបរិច្ចាគឈាមច្រើនបំផុតក្នុងការជួយទៅដល់ទារកចំនួន ២.៤ លាននាក់។
មុនបែលលាចាកលោក បុរសវ័យចំណាស់ខាងលើ ធ្លាប់បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួយសង្គ្រោះទៅដល់ទារកយ៉ាងច្រើន ដោយមិនចាំបាច់ត្រូវចំណាយថវិកា ឬការឈឺចាប់ណាមួយនោះឡើយ។
គួរបញ្ជាក់ថា Anti-D គឺជួយការពារទារកដែលមិនទាន់កើតពីជំងឺឈាមដែលហៅថាជំងឺ Hemolytic នៃទារកនិងទារកទើបនឹងកើត ឬ HDFN ។
ស្ថានភាពនេះកើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះដោយកោសិកាឈាមក្រហមរបស់ម្តាយ មិនស៊ីគ្នានឹងទារកដែលកំពុងលូតលាស់នៅក្នុងផ្ទៃ។ ទាំងនេះអាចបង្ករជាការគំរាមកំហែងនិងអាចបង្កគ្រោះថ្នាក់ទៅដល់ទារកយ៉ាងធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យទារកកើតមាននូវសភាពស្លេកស្លាំងធ្ងន់ធ្ងរ ជំងឺខ្សោយបេះដូង ឬរហូតដល់ស្លាប់ក៏មាន។

