
បាងកក៖ យោងតាមរដ្ឋាភិបាលយោធាបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៦៤៤ នាក់ហើយ។
អ្នកដែលរស់រានមានជីវិតភាគច្រើននៅឯទីក្រុង Mandalay ពួកគេស្ទើរតែអស់សង្ឃឹមទៅហើយនៅក្នុងការជួយមនុស្សដែលបានជាប់គាំងនៅក្នុងអគារដែលរលំ ដោយសារតែខ្វះខាតគ្រឿងចក្រធុនធ្ងន់។
ចំណែកឯនៅប្រទេសថៃវិញ ដោយសារតែគ្រោះរញ្ជួយដីដ៏កាចសាហាវនេះបានបណ្ដាលឲ្យមនុស្សចំនួន ៩នាក់បានបាត់បង់ជីវិត ក្នុងនោះមនុស្សចំនួន ៤៧នាក់ បានបាត់ខ្លួន ឬជាប់គាំងនៅក្រោមគំនរបាក់បែក ដោយរួមមានទាំងកម្មករមួយចំនួនមកពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
តែបើតាមគំរូព្យាករណ៍របស់សេវាភូគព្ភសាស្ត្រអាមេរិកបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់របស់ប្រទេសមីយ៉ាន់ម៉ាអាចលើសពី10,000 ហើយការខាតបង់អាចលើសពីទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះ។
បើទោះបីជាចំនួនអ្នកស្លាប់ បានរកឃើញនិងមានការកើនឡើងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ប្រធានក្រុមប្រឹក្សារដ្ឋបាលនៅតែបន្តណែនាំឲ្យអាជ្ញាធរពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរក ជួយសង្គ្រោះ និងដោះស្រាយនូវតម្រូវការបន្ទាន់ជូនទៅដល់ប្រជាជនដែលកំពុងតែជួបទុក្ខលំបាកដោយសារតែគ្រោះរញ្ជួយដីនេះដែរ។
គួរបញ្ជាក់ថា ក្រោយពីមានគ្រោះរញ្ជួយដីបានកើតឡើងកាលពីថ្ងៃសុក្រ ទី ២៨ ខែ មីនា នៅមីយ៉ាន់ម៉ា កន្លងមក ពេលនេះព្រលានយន្តហោះមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយយ៉ាងហោចណាស់មានអគារចំនួន ២៩០០ ផ្លូវចំនួន ៣០ និងស្ពានចំនួន ៧ ត្រូវបានខូចខាតដោយសារការរញ្ជួយដីនេះ។
រីឯមន្ទីរពេទ្យនៅភាគកណ្តាល និងភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា កំពុងតស៊ូដើម្បីទប់ទល់នឹងលំហូរចូលនៃអ្នករបួសជាច្រើនសោយសារតែគ្រោះធម្មជាតិមួយនេះ។
យ៉ាងណាមិញ ជុំវិញនៃទុក្ខលំបាកដែលមីយ៉ាន់ម៉ា កំពុងតែជួបប្រទេសនេះ ក៏មានបណ្ដាប្រទេសមួយចំនួនបានផ្ដល់ជំនួយទៅដល់ប្រទេសនេះផងដែរ ដោយក្នុងនោះ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយតាមទូរស័ព្ទជាមួយប្រមុខរបបយោធា ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយដែលមានតម្លៃ 13.77 លានដុល្លារ រួមទាំងតង់ ភួយ និងឧបករណ៍ពេទ្យសង្គ្រោះបន្ទាន់ទៅដល់មីយ៉ាន់ម៉ា។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏មានសហរដ្ឋអាមេរិក រុស្ស៊ី ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា ដោយបានបញ្ជូននាវាជាមួយនឹងជំនួយមនុស្សធម៌ចំនួន ៤០ តោន រួមទាំងយន្តហោះដឹកមនុស្ស និងបុគ្គលិនជួយសង្គ្រោះជាច្រើននាក់ទៀតផងដែរ។

