
បាងកក៖ អាជ្ញាធរថៃ បានបង្គាប់ឲ្យជម្លៀសមនុស្សជាច្រើនចេញជាបន្ទាន់ពីប្លុក A របស់អគារវិមានរដ្ឋាភិបាលថៃ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Lak Si នៃទីក្រុងបាងកក នាព្រឹកថ្ងៃ ចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ក្រោយពីមានការពិនត្យឃើញថាអគារ A នោះផ្អៀង។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយរញ្ជួយដីដែលទើបនឹងកើតមាន នៅក្នុងប្រទេសខ្លួនរួចមក នាយករដ្ឋមន្ត្រីថៃ បានកោះប្រជុំបន្ទាន់ជាមួយទីភ្នាក់ងារពាក់ព័ន្ធកាលពីរសៀលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយការពន្យារពេលជូនដំណឹងអំពីគ្រោះមហន្តរាយបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា កន្លងទៅកាលពីសប្ដាហ៍មុននេះ។
ទីភ្នាក់ងារដែលពាក់ព័ន្ធរួមមាន នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) ជាដើម។
ហើយចំពោះកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅម៉ោង ២ រសៀលថ្ងៃនេះ។
គួរបញ្ជាក់ឲ្យដឹងថា កន្លងមក នាយករដ្ឋមន្ត្រីថៃបានសម្តែងការមិនពេញចិត្តចំពោះការអនុវត្តរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) និង គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) ក្នុងការគ្រប់គ្រងប្រព័ន្ធជូនដំណឹងជាសាធារណៈ ជាពិសេសទាក់ទងនឹងការពន្យារពេលក្នុងការផ្ញើសារព្រមានបន្ទាប់ពីការរញ្ជួយដីនាពេលថ្មីៗនេះបានកើតឡើង។
ដូចនេះជុំវិញនៃកិច្ចប្រជុំបន្ទាន់នេះ ត្រូវបានរៀបចំឡើង ដើម្បីណែនាំដល់ស្ថាប័នពាក់ព័ន្ធ អនុវត្តវិធានការកែតម្រូវយ៉ាងតឹងរឹង និងរាយការណ៍ពីវឌ្ឍនភាព។
ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមានពីគ្រោះមហន្តរាយ រួមទាំងការជូនដំណឹងអំពីការរញ្ជួយដីដើម្បីបង្កើនប្រសិទ្ធភាពនិងល្បឿនបន្ទាប់ពីការខ្វះខាតនាពេលថ្មីៗនេះនៅក្នុងការជូនដំណឹងតាមសារផងដែរ។

