2025-04-17 19:33
32

ភ្នំពេញ៖  ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយក និងជាអគ្គនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ព្រមទាំងព្រឹត្តិការណ៍មួយចំនួនទៀត។

ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន បានរៀបចំធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ។ បេសកកម្មរួមរបស់យើង គឺការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលផ្នែកគំនិត និងទស្សនៈ។ ថ្ងៃនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការរៀបចំធ្វើពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន​ ដែលលោក Xi Jinping ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ 

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងទៀតថា តាមរយៈកម្មវិធីនេះ យើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើន រវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបន្ថែមថា៖ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមិត្តចាស់របស់កម្ពុជា។ កន្លងមក យើងបានរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុងការផលិតកម្មវិធីការផ្លាស់ប្តូរមន្ត្រី និងគំនិតច្នៃប្រឌិតថ្មីៗ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។ ជាមួយគ្នានេះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលជាសមិទ្ធផលរួមគ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងភាគីកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាច្រើន។ 

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា វិទ្យុនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសយើងទាំងពីរ។ យើងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន៕