
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម XI Jinping នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕