
សៀមរាប៖ ផ្ទុះជម្លោះពាក្យសម្តីរវាងមន្ត្រីយោធាម្នាក់ ជាមួយស្ត្រីមេម៉ាយកូនប្រាំ អួតរឿងស្រាតម្លៃរាប់ពាន់ដុល្លារឈានដល់ផ្ទុះអំពើហិង្សាវាយលើស្ត្រីមេម៉ាយបណ្តាលឱ្យពកក្បាល និងដងខ្លួនជាច្រើនកន្លែង ប៉ុន្តែគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មិនទាន់មានដំណោះស្រាយឡើយ។
តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ករណីអំពើហិង្សាបង្កឡើងដោយមន្ត្រីយោធាលើស្ត្រីមេម៉ាយកូនប្រាំខាងលើនេះ បានកើតមានរយៈពេលជាង១សប្តាហ៍កន្លងមកហើយ ស្ថិតកម្មវិធីជួបជុំផឹកស៊ីរាំច្រៀងសប្បាយរបស់លោកអភិបាលរងស្រុកពួកម្នាក់ ដល់ស្រវឹងរៀងៗខ្លួនកើតមានទំនាស់ពាក្យសម្តីរឿងអួតតម្លៃស្រាខ្ទង់ពាន់ដុល្លារ។
តាមការបង្ហើបបានឱ្យដឹងថា មន្ត្រីយោធាដែលបង្កហិង្សាមានឈ្មោះ ប៊ូ ហ៊ា អាយុជាង ៣០ឆ្នាំ បានប្រើអំពើហិង្សាលើស្ត្រីមេម៉ាយយ៉ាងចាស់ដៃ ហើយអ្វីដែលធ្វើឱ្យគេហួសចិត្តម្ចាស់កម្មវិធីជាអភិបាលរងស្រុកហាក់ធ្វើប្រងើយដូចមិនមានរឿងអ្វីទាំងអស់។
តាមការបង្ហើបបានឱ្យដឹងទៀតថា នៅក្នុងកម្មវិធីជួបជុំរបស់អភិបាលរងស្រុកពួក មន្ត្រីយោធារូបនេះ បានអួតអាងថា «ស្រារបស់ខ្លួនដែលទិញមកចូលរួមឧប្ថម្ភកម្មវិធីលោកអភិបាលរងស្រុកនេះ មានតម្លៃរាប់ពាន់ដុល្លារ» ទើបទាក់ពាក្យសម្តីគ្នាបន្តិចបន្តូច ទើបធ្វើឱ្យមន្ត្រីយោធាខឹងស្ទុះប្រើហិង្សាវាយទៅស្ត្រីមេម៉ាយកូន៥នាក់ បណ្តាលឱ្យពកក្បាល ហើមមុខ ហើមមាត់ ហើមដៃជើង និងត្រូវខ្លួនប្រាណជាច្រើនកន្លែងទៀត។
គិតត្រឹមរសៀលនេះ ករណីមន្ត្រីយោធាវាយស្ត្រីមេម៉ាយកូនប្រាំ ផ្តើមឡើងអួតរឿងតម្លៃស្រារាប់ពាន់ដុល្លារនេះ ត្រូវបានសមត្ថកិច្ចនគរបាលកៅហៅមកសាកសួរ និងសម្រុះសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ ប៉ុន្តែមិនទាន់លទ្ធផលយ៉ាងណានោះឡើយ៕
