
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាខ្លាំងយុវជនម្នាក់ បានទុកកាបូប និងស្បែកជើងលើស្ពានជោយចង្វារ រួចឡើងលើបង្កាន់ដៃស្ពានលោតទម្លាក់ខ្លួនក្នុងទឹកទន្លេបាត់ស្រមោល។
ភ្លាមៗនោះទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងបងប្អូនប្រជានេសាទ នាំគ្នាស្លន់ស្លោរ ចេញទូកអន្តរាគមន៍ជួយសង្គ្រោះ ប៉ុន្តែចុងក្រោយម្នាក់ៗដាច់ផ្ងា ត្រូវបានយុវជនរូបនេះប្រាប់ថា៖ «ខ្លួនលោតទឹក ដើម្បីហែលទឹកលេងឲ្យត្រជាក់ខ្លួន ព្រោះអាកាសធាតុក្តៅពេក»។
ករណី គួរឲ្យហួសចិត្តនេះ បានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅថា ស្ពានជ្រោយចង្វារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីនិយាយថា មុនពេលកើតហេតុ ឃើញមានយុវជនម្នាក់ ពាក់អាវ ពណ៌ខ្មៅ ស្ពាយកាបូប ដើរឡើងលើស្ពាន លុះដល់ពាក់កណ្តាលស្ពាន ទុកកាបូប និងដោះស្បែកជើង រួចលោតពីលើស្ពានចូលទន្លេ បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ រួមទាំងបងប្អូនប្រនេសាទចេញជួយផងដែរ។
ក្រោយពីជួយសង្គ្រោះយុវជនរូបនេះ បានប្រាប់សមត្ថកិច្ចថា «ខ្លូនលោតទឹកមិនមែន ដើម្បីសម្លាប់ខ្លួនទេ គឺគោលបំណងចង់ហែលទឹកលេងឲ្យត្រជាក់ខ្លួន ព្រោះតែអាកាសធាត់ក្រៅពេក»។ គ្រាន់តែឭពាក្យនេះធ្វើឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋស្រងាកចិត្តគ្រប់ៗគ្នា។
ក្រោយកើតហេតុ បុរសខាងលើបានដើរមកយកសម្ភារៈរបស់ខ្លួន រួចក៏ត្រឡប់ទៅវិញយ៉ាងរំភើយ៕