2025-04-27 13:28
14

ភ្នំពេញ៖ ឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជិត ៦ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «គិតត្រឹម១៩ខែ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា បានចុះបញ្ជីសមាជិក ប.ស.ស. បានចំនួន ១លាន ២សែននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. កើនដល់ជាង ៣លាននាក់ ត្រឹមខែមីនា ឆ្នាំ២០២៥នេះ»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «កាលពីមុនបងប្អូនកម្មករ-កម្មករិនី ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យអត់បង់ប្រាក់សម្រាប់តែខ្លួនប៉ុណ្ណោះ ប៉ុន្តែសមាជិកគ្រួសារត្រូវបង់ ដូច្នេះត្រូវចំណាយច្រើន តែឥឡូវយើងបញ្ជូនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ដោយបង់ត្រឹមតែ ៤០០រៀលក្នុងមួយថ្ងៃ ទទួលបានប័ណ្ឌ ប.ស.ស. ទៅព្យាបាលអត់បង់ប្រាក់។ កាលពីមុន ប័ណ្ណ បសស មានសម្រាប់តែកម្មកររោងចក្រ ដែលថៅកែបង់ ហើយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្មានលទ្ធភាពបង់ ប៉ុន្តែពឥឡូវនេះគាត់មានលទ្ធភាពបង់ប័ណ្ណ ប.ស.ស.»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជឿជាក់ថា៖ «ក្នុងរយៈពេល១៩ខែនេះ ក្នុងចំណោមសមាជិក បសស ទើបចុះឈ្មោះជាង ១លាន ២សែននាក់ បងប្អូនពិតជាបានឃើញអត្ថប្រយោជន៍ជាស្តែងហើយ មិនមែនជារឿងសាមញ្ញទេ ដែលនេះជាការគិតគូរបស់រាជរដ្ឋាភិបាល។ ចំពោះអ្នកអត់លទ្ធភាពពិតប្រាកដរដ្ឋធ្វើប័ណ្ណសមធម៌ គឺរដ្ឋចេញលុយឱ្យ ១០០ភាគរយតែម្តង»