2025-05-25 11:32
36

មន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Kyiv និងទីក្រុងផ្សេងទៀតនាព្រឹកថ្ងៃអាទិត្យនេះ ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 11 នាក់រងរបួសនៅក្នុងរដ្ឋធានី និងបានបណ្ដាលឲ្យមនុស្ស 3 នាក់ទៀតស្លាប់នៅក្នុងទីក្រុងជុំវិញនោះ រួមទាំងបានបំផ្លាញលំនៅដ្ឋាន និងអគារផ្សេងៗទៀតផងដែរ។

យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី២៥ ឧសភា នេះ ក្រុមមន្ត្រីនៅក្នុងទីក្រុង Kyiv បាននិយាយថា យ៉ាងហោចមនុស្ស 3 នាក់បានស្លាប់នៅក្នុងទីក្រុងតូចៗចំនួន 2 នៅខាងក្រៅរដ្ឋធានី។ 

ការវាយប្រហាររបស់រុស្ស៊ីបានពង្រីករហូតទៅដល់មជ្ឈមណ្ឌលក្នុងតំបន់មួយចំនួន រួមមានទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺ Kharkiv ព្រមទាំង Mykolaiv នៅភាគខាងត្បូង និង Ternopil នៅភាគខាងលិច។

គួរឲ្យដឹងថា ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើកទីពីរដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនេះ យ៉ាងហោចណាស់មនុស្ស 11 នាក់បានរងរបួស និង ៣នាក់ទៀតបានស្លាប់នៅក្រៅរដ្ឋធានី។ 

ក្នុងនោះអគារ ផ្ទះល្វែងកម្ពស់ប្រាំជាន់មួយក៏ត្រូវបានវាយប្រហារនៅក្នុងសង្កាត់ Holosiivskyi នៅខាងក្រៅកណ្តាលទីក្រុងដោយបង្កឱ្យមានអគ្គីភ័យដែលបានធ្វើឱ្យខូចខាតផ្នែកខាងក្រៅនៃអគារផងដែរ។ 

លើសពីនេះ ក៏មានផ្ទះឯកជននិងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយត្រូវបានខូចខាត ក្នុងការវាយប្រហារលើស្រុកផ្សេងទៀតដែរ។

នេះគឺជាយប់ទីពីរជាប់គ្នាហើយ ដែលការវាយប្រហារទ្រង់ទ្រាយធំបានកើតឡើងទៅលើអ៊ុយក្រែន។ 

ដោយកាលពីល្ងាចថ្ងៃសុក្រ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរាប់សិបគ្រឿងនៅឯទីក្រុង Kyiv ពេញមួយយប់ដែលជាការវាយប្រហារតាមអាកាសរួមបញ្ចូលគ្នាដ៏ធំបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន។ ក្នុងនោះក៏បានបង្កឲ្យអគារផ្ទះល្វែងមួយចំនួនបានរងការខូចខាត និងមនុស្ស១៥នាក់បានរងរបួសផងដែរ។
 

បន្ថែមពីនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា អង្គភាពការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ ឬបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៩៥ គ្រឿងក្នុងរយៈពេល ៤ ម៉ោង។ 

ដោយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១២គ្រឿង ត្រូវបានស្ទាក់ចាប់នៅពេលធ្វើដំណើរទៅកាន់រដ្ឋធានី៕