2025-05-26 14:28
30

កាលពីពេលថ្មីៗនេះ អាជ្ញាធររដ្ឋ Pococi Penitentiary នៃប្រទេស Costa Rica ចាប់បានឆ្មាមួយក្បាល ទាក់ទងនឹងករណីជួញដូរគ្រឿងញៀនទៅដល់អ្នកទោសនៅក្នុងគុក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមព័ត៌មានចេញពីហ្វេសប៊ុក ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុនថា «សត្វឆ្មាស ខ្មៅ មួយក្បាលខាងលើនេះ ត្រូវចាប់បាននៅពន្ធនាគារមួយ ខណៈពេលដែលវាកំពុងតែផ្លោះរបងចូលទៅក្នុងពន្ធនាគារ នៅពេលយប់កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ 

យោងតាមការចេញផ្សាយដោយ BBC កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ ក្រោយចាប់បានសត្វឆ្មាមួយក្បាលខាងលើ មន្ត្រីពន្ធនាគារបានរកឃើញមានកញ្ចប់ពីរនៅជាប់ខ្លួនវា ដែលមានផ្ទុកកញ្ឆាជាង ២៣៥.៦៥ក្រាម និងហេរ៉ូអ៊ីន ចំនួន ៦៧.៧៦ក្រាម។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្មាខាងលើត្រូវបានអាជ្ញាធរចាប់ទុក និងបានកាត់កញ្ចប់ដែលមានផ្ទុកកញ្ឆា និងហេរ៉ូអ៊ីនយ៉ាងប្រុងប្រយ័ត្នចេញពីរាងកាយដ៏តូចរបស់វាហើយបានរឹបអូសយកគ្រឿងញៀនដែលនៅជាប់ខ្លួនវាទាំងអស់ ដើម្បីធ្វើជាភស្តុតាងក្នុងការស៊ើបអង្កេតបន្ត ហើយចុងក្រោយគេក៏បានបញ្ជូនវាទៅកាន់អង្គការសុខុមាលភាពសត្វដើម្បីទទួលបានការថែទាំបន្តទៀតផងដែរ។ 

យ៉ាងណាមិញ ក្នុងនោះក្រសួងយុត្តិធម៌ក៏បានអរគុណចំពោះសកម្មភាពយ៉ាងរហ័សរបស់អាជ្ញាធរ ដែលបានត្រួតពិនិត្យនិងចាប់សត្វឆ្មាក្នុងករណីជួញដូរគ្រឿងញៀននេះបានទាន់ពេល ក្នុងការរារាំងថ្នាំទាំងនោះកុំឲ្យទៅដល់អ្នកទោសដែលជាប់នៅក្នុងគុក៕