2025-05-26 13:49
30

ក្រុងគែរ៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣០ នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ ទី២៥ ឧសភា ម្សិលមិញនេះ ដោយក្នុងនោះរួមទាំងមន្ត្រីសេវាសង្គ្រោះជាន់ខ្ពស់ និងអ្នកកាសែតម្នាក់ផងដែរ។ 

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើង នៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារដោយឡែកពីគ្នានៅ Khan Younis នៃភាគខាងត្បូង Jabalia នៅភាគខាងជើង និង Nuseirat នៅកណ្តាល Gaza Strip ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង 77% នៃតំបន់ហ្គាហ្សាស្ទ្រីបទាំងតាមរយៈកងកម្លាំងជើងគោក ឬការបញ្ជាជម្លៀស និងការទម្លាក់គ្រាប់បែកដែលជាហេតុធ្វើឱ្យអ្នកស្រុកនៅឆ្ងាយពីផ្ទះរបស់ពួកគេ។

បន្ថែមពីនោះ កងកម្លាំងប្រដាប់អាវុធនៃក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអាទិត្យដែរថា ក្រុមអ្នកប្រយុទ្ធបានធ្វើការវាយឆ្មក់ និងការវាយប្រហារជាច្រើនដោយប្រើគ្រាប់បែក និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជាច្រើននៅទូទាំងតំបន់ហ្គាហ្សា។

គួរឲ្យដឹងថា កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សាពេញមួយយប់ ដោយបានវាយប្រហារគោលដៅចំនួន 75 រួមទាំងកន្លែងផ្ទុកអាវុធ និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតផងដែរ។ 

សូមបញ្ចាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាស និងផ្លូវគោកនៅតំបន់ហ្គាហ្សាបន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 កន្លងទៅ ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលសរុបចំនួន 1,200 នាក់ ជាមួយនឹងចំណាប់ខ្មាំង 251 នាក់ដែលត្រូវបានចាប់ពង្រត់ចូលទៅក្នុងហ្គាហ្សា។

ស្របគ្នានេះដែរ ក្នុងជម្លោះនេះក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 53,900 នាក់ និងបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រផងដែរ។ 
 

ដោយក្រុមជំនួយបាននិយាយថា ពេលនេះសញ្ញានៃការកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរគឺកំពុងរីករាលដាលដយសារតែជម្លោះនេះ៕