2025-05-27 11:51
32

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបណ្ដាញសង្គមថា លោក ពូទីន បាន«ឆ្កួតមែនទែនហើយ» ដែលបានបញ្ចេញការវាយប្រហារតាមអាកាសដ៏ធំលើអ៊ុយក្រែន។ ត្រាំ បានបន្តទៀតថា លោកកំពុងថ្លឹងថ្លែងទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ បើទោះបីជាលោកបានស្តីបន្ទោសទៅលើ លោក Volodymyr Zelenskiy យ៉ាងណាក៏ដោយ។ 

ដោយ ត្រាំ បានលើកឡើងថា "ខ្ញុំតែងតែនិយាយថា គាត់ចង់បានអ៊ុយក្រែនទាំងអស់ មិនមែនត្រឹមតែមួយផ្នែកទេ ហើយប្រហែលជាវាបង្ហាញថាត្រឹមត្រូវ ប៉ុន្តែប្រសិនបើគាត់ធ្វើ វានឹងនាំទៅដល់ការដួលរលំនៃប្រទេសរុស្ស៊ី!"

ជុំវិញបញ្ហាខាងលើ Zelenskiy ក៏បាននិយាយនៅក្នុងឃ្លីបវីដេអូដែលលោកបានបង្ហោះបើទោះបីជាលោក ត្រាំ បានរិះគន់ចំពោះលោកយ៉ាងណាក៏ដោយ ដោយលោកបាននិយាយថា ការរារាំងម្តងហើយម្តងទៀតនៃការវាយប្រហាររបស់រុស្ស៊ីបានឆ្លុះបញ្ចាំងពី "ជម្រើសនយោបាយ" របស់លោកពូទីន និងបង្ហាញថាវិមានក្រឹមឡាំងមិនចាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាមនោះទេ។  

Zelenskiy បានបន្ថែមថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង 900 គ្រឿង ក៏ដូចជាមីស៊ីលក្នុងរយៈពេល 3 យប់ បានបង្ហាញថា រុស្ស៊ីកំពុង "លេងជាមួយការទូត" ។ លោក បន្តថា ប្រទេសរុស្ស៊ីសមនឹងទទួលបានសម្ពាធពេញលេញ ចំពោះអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីកំណត់សមត្ថភាពយោធារបស់ពួកគេ។

យោងតាមកងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ការវាយប្រហារមួយយប់ចុងក្រោយនេះរបស់រុស្ស៊ី បានវាយប្រហារលើគោលដៅចំនួន ៥ ទីតាំង ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីទីតាំងនោះទេ ដោយបានបង្ហាញត្រឹមតែការខូចខាតខាងយោធាប៉ុណ្ណោះ។

ដោយក្នុងនោះ ក្រុមមន្ត្រីបានបន្ថែមថា តំបន់ភាគខាងលិចនៃ Khmelnytskyi ដែលជាផ្ទះរបស់មូលដ្ឋានទ័ពអាកាសយោធា ត្រូវបានវាយប្រហារដោយមីស៊ីល 7 គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង រួមទាំងអគារលំនៅដ្ឋាន ក៏ដូចជាកន្លែងឧស្សាហកម្មក៏បានរងការខូចខាត។ 

បន្ថែមពីនោះ សូម្បីតែក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់ក៏ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅក្នុងតំបន់សមុទ្រខ្មៅនៃ Odesa ផងដែរ។

ជុំវិញនៃការវាយប្រហារដ៏ខ្លាំងក្លាលើអ៊ុយក្រែននេះ វិមានក្រឹមឡាំងបាននិយាយថា ការវាយប្រហារគឺសំដៅទៅលើគោលដៅយោធា ហើយចំពោះការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សំខាន់របស់អ៊ុយក្រែន ទៅលើគោលដៅស៊ីវិលរបស់រុស្ស៊ី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុង Morristown រដ្ឋ New Jersey លោក Trump បាននិយាយអំពីលោក Putin ថា លោកមិនសប្បាយចិត្តទេ លោកមិនដឹងថាមានបញ្ហាអ្វីជាមួយពូទីនទេ។ 

ដោយ ត្រាំ បានលើកឡើងថា "តើមានអ្វីកើតឡើងចំពោះគាត់ (ពូទីន) មែនទេ? គាត់កំពុងសម្លាប់មនុស្សជាច្រើន។ 

ខ្ញុំមិនសប្បាយចិត្តអំពីរឿងនោះទេ" ។ 

លើសពីនេះលោកក៏បានលើកឡើងពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមទៀត លើរុស្ស៊ីជាការឆ្លើយតបនឹងការវាយប្រហារដែលកំពុងបន្តលើអ៊ុយក្រែន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី២៥ ឧសភា កន្លងទៅ មន្ត្រីអ៊ុយក្រែនបាននិយាយថា នៅក្នុងការវាយលុកតាមអាកាសដ៏ធំបំផុតនៃសង្គ្រាម រុស្ស៊ីបានវាយលុកទីក្រុងអ៊ុយក្រែន និងគោលដៅផ្សេងទៀតជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលយ៉ាងហោចណាស់ 367 គ្រឿងកាលពីយប់មិញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 12 នាក់ ក្នុងនោះរួមមានកុមារ 3 នាក់នៅតំបន់ភាគខាងជើងនៃ Zhytomyr ។

គួរឲ្យដឹងថា លោក Trump ធ្លាប់បានដាក់សម្ពាធលើប្រទេសរុស្ស៊ី និងអ៊ុយក្រែនដើម្បីឲ្យប្រទេសទាំងពីរនេះយល់ព្រមបញ្ចប់សង្រ្គាមជាង 3 ឆ្នាំជាមួយគ្នា ប៉ុន្តែភាគីទាំងពីរហាក់នៅឆ្ងាយពីការសហការគ្នានេះណាស់ ខណៈពេលដែលប្រទេសមហាអំណាចធំៗផ្សេងទៀតក៏កំពុងពិភាក្សាគ្នាអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែរ។  

ប៉ុន្តែសង្រ្គាមហាក់កាន់តែតានតឹងឡើង ដោយពេលនេះកងកម្លាំងរុស្ស៊ីកំពុងឈានទៅមុខនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនហើយ បើទោះបីជាមានប្រទេសមហាអំណាចផ្សេងទៀត និងលោក ត្រាំ ចង់មកផ្សះផ្សារពួកគេយ៉ាងណាក៏ដោយ៕