2025-05-27 14:16
24

ក្រុងគែរ៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី២៧ ឧសភា នេះ មន្ត្រីប៉ាឡេស្ទីនម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហាម៉ាសបានយល់ព្រមលើសំណើររបស់បេសកជនពិសេសរបស់សហរដ្ឋអាមេរិកគឺ លោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ប៉ុន្តែផ្ទុយទៅវិញមន្ត្រីអ៊ីស្រាអែលម្នាក់បែរជាបានបដិសេធថា សំណើនោះមិនមែនជារបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយបន្ថែមថា គ្មានរដ្ឋាភិបាលអ៊ីស្រាអែលណាទទួលយកសំណើនេះបានទេ។

ស្របគ្នានេះដែរ លោក Witkoff ក៏បានច្រានចោលផងដែរ ដែលថាក្រុមហាម៉ាសបានទទួលយកការផ្តល់ជូនរបស់គាត់សម្រាប់កិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់នៅហ្គាហ្សានោះ ដោយ លោក បានប្រាប់ Reuters ថា អ្វីដែលគាត់បានឃើញគឺ "មិនអាចទទួលយកបានទាំងស្រុង" ហើយចំពោះសំណើដែលកំពុងត្រូវបានពិភាក្សាគឺមិនដូចគ្នាទៅនឹងសំណើររបស់លោកនោះទេ។

យោងតាមមន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងក្រុមហាម៉ាស បានប្រាប់រ៉យទ័រថា ចំពោះសំណើដែលក្រុមហាម៉ាសបានយល់ព្រមនេះ មានដូចជាការដោះលែងចំណាប់ខ្មាំងចំនួន ១០នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៧០ថ្ងៃ និងការដកផ្នែកខ្លះចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលសំណើនេះក្រុមហាម៉ាសទទួលបានតាមរយៈអ្នកសម្របសម្រួល។

 ដោយវាក៏រួមបញ្ចូលផងដែរនូវ ការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដោយអ៊ីស្រាអែលរួមទាំងអ្នកទោសរាប់រយនាក់ទៀតដែលកំពុងជាប់ពន្ធនាគាររយៈពេលវែង។

ចំពោះសំណើដែលក្រុមហាម៉ាសបានអះអាង ក្នុងនោះក៏មានមន្ត្រីអ៊ីស្រាអែលម្នាក់បានចេញមកច្រានចោលនូវសំណើនេះ ដោយបាននិយាយថា គ្មានរដ្ឋាភិបាលអ៊ីស្រអែលណាម្នាក់អាចទទួលយកកិច្ចព្រមព្រៀងបែបនេះទេ និងបានច្រានចោលការអះអាងនេះភ្លាមៗ ដែលថាកិច្ចព្រមព្រៀងត្រូវគ្នានឹងសំណើដែលស្នើឡើងដោយ លោក Witkoff ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី 18 ខែមីនា កន្លងទៅ អ៊ីស្រាអែលបានបញ្ចប់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករាជាមួយក្រុមហាម៉ាស ហើយក៏បានបន្តយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សាបន្ត។
 
បន្ទាប់ពីនោះក្រុមហាម៉ាស និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានចាប់ផ្តើមបាញ់រ៉ុក្កែត និងវាយប្រហារទៅលើអ៊ីស្រាអែលវិញបន្ទាប់ពីពីរថ្ងៃក្រោយពីការបញ្ចប់កិច្ចព្រមព្រៀងនេះ។

គួរឲ្យដឹងផងដែរថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាស និងផ្លូវគោកនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរបស់ពួកសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន 1,200 នាក់ ជាមួយនឹងចំណាប់ខ្មាំង 251 នាក់ត្រូវបានចាប់ពង្រត់ចូលទៅក្នុងហ្គាហ្សា។ 

ក្នុងជម្លោះនេះ ក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត 54,000 នាក់ផងដែរ និងបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រទៀតផង៕