
សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) លោក ឃុត ចាន់ដារ៉ា បានបង្ហាញទៅកាន់សភាសមាជិក នៃ AAWC និងអ្នកជំនាញផ្នែកទឹក ទ្វីបអាស៊ីពីផលលំបាកយ៉ាងធំធេងចំពោះបរិស្ថានដែលបណ្តាលមកពីផ្សែងសារធាតុគីមី ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម្បាំងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា នាអំឡុងពេលនៃការឈ្លានពានលើបូរណភាពទឹកដីរបស់កម្ពុជា កាលពីចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។
អ្វីជាភាពស្រណោះសោកស្តាយបំផុត ការប្រយុទ្ធស្វ័យការពារខ្លួនរបស់កម្ពុជា ទល់នឹងយោធាឈ្លានពានថៃ បានបណ្តាលឱ្យបាត់បង់ជីវិត វីរៈកងទ័ព ជាច្រើននាក់ ហើយបណ្តាលឱ្យមានជនភាសសឹក រាប់សែននាក់ ។
លោក ឃុត ចាន់ដារ៉ា បានលើកឡើងបែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី(AAWC) លើកទី៨ និងកិច្ចប្រជុំតុមូល ស្តីពី ទឹក និងអាកាសធាតុលើកទី២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៊ីសគិក សាធារណរដ្ឋកៀហ្ស៊ីស្ថាន កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
លោក ឃុត ចាន់ដារ៉ា បានសង្កត់ធ្ងន់ថា៖ «សកម្មភាពរបស់យោធាថៃ ប្រើប្រាស់ផ្សែងសារធាតុគីមី មិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌ឈ្លានពានរបស់ថៃ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្ករឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះការបំពុលទឹកអន្តរព្រំដែននៃប្រទេសទាំងពីរ គំរាមកំហែងដល់ប្រភពទឹក និងប្រព័ន្ធទឹកក្រោមដី ដែលប្រជាជនពឹងអាស្រ័យប្រើប្រាស់ជាប្រចាំថ្ងៃ»។ លោកបានគូសបញ្ជាក់ទៀតថា៖ «នេះមិនមែនគ្រាន់តែជាវិបត្តិផ្នែកយោធាប៉ុណ្ណោះទេ វាក៏ការប្រកាសអាសន្នលើប្រព័ន្ធជីវៈចម្រុះដែលនឹងបង្ករផលវិបាកលើសុខភាពសាធារណៈ និងសន្តិសុខទឹក»។
សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) បានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ណាមួយពី AAWC, ក្រុមប្រឹក្សាទឹកអាស៊ី (AWC), និងដៃគូអន្តរជាតិ ពិចារណារបង្កើតនូវក្រុមជំនាញការបរិស្ថាន ដើម្បីធ្វើការវាយតម្លៃ និងធ្វើតេស្តគុណភាពទឹក ដី និងបរិយាកាស នៅតំបន់ដែលរងគ្រោះ ដើម្បីពិនិត្យពីការបំពុល និងកំណត់នូវហានិភ័យចំពោះប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ។
សភាសមាជិកនៃ AAWC អ្នកជំនាញការ អ្នកធ្វើគោលនយោបាយ ស្ថាប័នពាក់ព័ន្ធនឹងវិស័យទឹក ដែលចូលរួមកិច្ចប្រជុំ រួមមានមកពីសាធារណរដ្ឋកូរ៉េ នេប៉ាល់ ស្រីលង្កា កាហ្សាក់ស្ថាន ម៉ាឡេស៊ី ឡាវ អ៊ូបឺគីស្ថាន កៀហ្ស៊ីស្ថានជាដើម បានកត់សម្គាល់ និងត្រៀមខ្លួនសហការ ប្រសិនបើមានការស្នើសុំជាផ្លូវការពីកម្ពុជា។
លោក ឃុត ចាន់ដារ៉ា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះសាមគ្គីភាពនិងសន្តិភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការ និងដំណោះស្រាយដោយសន្តិវិធី ហើយអំពាវនាវឱ្យរួបរួមគ្នាការពារធនធានទឹកក្នុងតំបន់ និងពិភពលោក ពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះប្រដាប់អាវុធនានា ៕


