2025-08-05 17:58
45

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបទៅនឹងអ្នកនាំនយោបាយ និងមន្ត្រីរបស់ថៃជាច្រើន ព្រមទាំងបណ្តាញសារព័ត៌មានថៃមួយចំនួនផងនោះ ដែលបានប្រឌិតនូវព័ត៌មានភូតកុហក់ ដោយចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរ ឱ្យខឹងសម្បាជាមួយថ្នាក់ដឹកនាំ ដើម្បីបំបែកបំបាក់មហាសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានកក់សម្គាល់ឃើញថា៖ «ពេលដែលពួកគេបង្កើតនូវព័ត៌មានក្លែងក្លាយដោយខ្លួនឯង ប៉ុន្តែបែរជាមន្ត្រីម្នាក់ៗរបស់ថៃ និយាយចោទប្រកាន់មកលើកម្ពុជា ថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយទៅវិញ ដែលនេះគ្រាន់តែជាអ្វីដែលពួកគេចង់បិទបាំងទង្វើរបស់ពួកគេបានធ្វើប៉ុណ្ណោះ»។

ការឆ្លើយតបរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ធ្វើឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា៖ «ការភូតកុហក់ទាំងអស់នេះ មិនសមទំនងទាល់តែសោះ ពោល គឺការភូតកុហក់ដែលគ្រប់គ្នាបានដឹងទាំងទៅហើយ។ ដូច្នេះអាចធ្វើឱ្យប្រជាជនថៃមួយចំនួនតូចជឿ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ និងសាធារណមតិអន្តរជាតិទូទៅមិនជឿទាល់តែសោះ ពីព្រោះពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានបើកចំហរចំពោះមុខកាសែតមហាជន និងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ភាគីថៃវិញថា៖ «ពេលវេលានេះ គឺជាពេលវេលាដែលភាគីទាំងពីរបង្ហាញការប្តេជ្ញាចិត្តដោយភាពស្មោះត្រង់ និងសុឆន្ទៈក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យប្រសិទ្ធភាព ដើម្បីរក្សាឱ្យមានសុខសន្តិភាព និងភាពសុខសាន្តនៃប្រជាជននៃប្រទេសទាំងពីរ។ ប្រសិនបើភាគីថៃ មានអ្វីត្រូវដោះស្រាយជាមួយប្រជាជនរបស់ខ្លួន ត្រូវដោះស្រាយផ្ទៃក្នុងដោយខ្លួនឯង កុំចាំបាច់បង្វែរស្ថានការណ៍តាមរយៈទម្លាក់កំហុសមកលើកម្ពុជា តាមរយៈបង្កើតព័ត៌មានក្លែងក្លាយ និងភូតកុហក់ប្រជាជនខ្លួននោះឡើយ ព្រោះវិធីសាស្ត្រនេះ មិនមានប្រសិទ្ធភាពទៀតនោះទេ ដោយសារមហាជនទូទៅទទួលបានព័ត៌មានយ៉ាងទូលំទូលាយ»។

ដោយឡែកសម្រាប់ប្រជាជនកម្ពុជា មានការយល់ដឹងគ្រប់គ្រាប់ចេះបែកចែក អាក្រ់និងល្អ សនិងខ្មៅយ៉ាងច្បាស់ ដូច្នេះការបញ្ចេញព័ត៌មានមិនពិត បំភ្លើស បំភ្លៃ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងចេតនាបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរពីថ្នាក់ដឹកនាំកម្ពុជាជារឿងអត់ប្រយោជន៍។ ផ្ទុយទៅវិញ ចេតនាអាក្រក់បែបនេះ កាត់តែជួយពង្រឹងសាមគ្គីភាពខ្មែរនិងខ្មែររឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងការពារសេចក្តីថ្លៃថ្នូររបស់កម្ពុជាពីការប្រមាថមាក់ងាយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «មហាសាមគ្គីជាតិខ្មែរនៅជុំវិញថ្នាក់ដឹកនាំកម្ពុជា នៅជុំវិញកងទ័ព កងកម្លាំងប្រដាប់អាវុធដ៏អង់អាចរបស់យើង ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គ្មានឥទ្ធិពលអ្វីមកបំបែកបំបាក់បានឡើយ ជាពិសេសព័ត៌មានមិនពិតគ្មានប្រយោជន៍អ្វីទាល់តែសោះ»៕