
សៀមរាប៖ ស្ត្រីជនជាតិបារាំងម្នាក់ ដែលបាត់ខ្លួនប៉ុន្មានថ្ងៃមុន ត្រូវប្រទះឃើញស្លាប់នៅក្នុងប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុច ក្បែរអាហារដ្ឋាន មាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។
ជុំវិញការស្លាប់របស់ស្ត្រីជនជាតិបារាំងរូបនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រីជនជាតិបារាំងរងគ្រោះ មានឈ្មោះ GIRARD FABRE LISA CELINE VERONICA ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចក្បែរអាហារដ្ឋានមាន់ស្រែ ក្រុងសៀមរាប។ ស្ត្រីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។
ពាក់ព័ន្ធនឹងករណីស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មាន ពីតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ពាក់ព័ន្ធនឹងករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ នៅម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើង បានប្រើប្រាស់ កម្លាំងសរុប-មធ្យោបាយសរុប និង វិធានការជំនាញ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ (អង្គភាពនគរបាលការពារបេតិកភណ្ឌ, អង្គភាពនគរបាល ទេសចរណ៍) ចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃឧទ្យានអង្គរ មកដល់កស្សិណអង្គរខាងលិចកែងផ្លូវ ៦០ម៉ែត្រ ចាប់តាំងពីពេលបាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ ។
លុះមកដល់ ម៉ោងប្រហែល ១០និង០៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដដែលសមត្ថកិច្ចយើងទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋមកថា៖ “នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយ ប៉ុន្តែមិនដឹងជាអ្វីនោះទេ” បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងមាន ការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុទើបដឹងថា “គឺពិតជាសពរបស់ស្ត្រីជនជាតិបារាំងដែល បានបាត់ខ្លួននោះមែន” ។
យោងតាមការរស្រាវជ្រាវ និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមដោយតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ (អាចបណ្តាលមកពីគាំងបេះដូង)។ បច្ចប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

