2025-08-06 10:23
25

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកការប្រកាសដាក់ចេញវិធានការផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជាពីសំណាក់រដ្ឋាភិបាលថៃ កាលពីថ្ងៃទី០៥ ខែសីហា គឺពុំមានមូលដ្ឋានសោះឡើយ និងមានគោលដៅបង្វែរការចាប់អារម្មណ៍របស់សាធារណមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេស គឺការវាយប្រហារដោយឥតមូលហេតុប្រឆាំងនឹងទឹកដីរបស់កម្ពុជា។ 

អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមទៀតថាថា វិធានការផ្លូវច្បាប់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ថៃមានគោលដៅបង្វែរចេញពីការតិទៀនលើការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងការមិនគោរពរបស់ថៃជាបន្តបន្ទាប់ទៅលើបទឈប់បាញ់។

លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងបែបនេះ នៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាបង្ហាញពីការប៉ុនប៉ងដោយចេតនា បង្វែងការចាប់អារម្មណ៍របស់សាធារណៈមតិ ទាំងនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា»។ 

លោក ជុំ សន្ទរី បានឆ្លើយតបចំពោះការចោទប្រកាន់នេះទៅកាន់រដ្ឋាភិបាកទីក្រុងបាងកកថា៖ 
ទី៖ ជម្លោះព្រំដែននាពេលថ្មីៗនេះ ត្រូវបានបង្កឡើងដោយការឈ្លានពានរបស់យោធាថៃម្តងហើយម្តងទៀត និងការបាញ់កាំភ្លើងធំចូលទៅក្នុងទឹកដីកម្ពុជា ដោយរំលោភដោយផ្ទាល់លើអធិបតេយ្យភាពរបស់ប្រជាជនកម្ពុជា។ 

ទី២៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាមានសមាមាត្រ និងស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានគោលបំណងការពារតែអធិបតេយ្យភាព និងប្រជាជនស៊ីវិលប៉ុណ្ណោះ។ 

ទី៣៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងសងខាង មានការសោកស្តាយ ប៉ុន្តែការចោទប្រកាន់របស់ប្រទេសថៃ មើលរំលងការពិតដែលថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើប្រតិបត្តិការស៊ីវិលម្តងហើយម្តងទៀត ដោយរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ។ 

ទី៤៖ ទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។ 

ជុំវិញការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ កម្ពុជាជំរុញឱ្យប្រទេសថៃបញ្ឈប់យុទ្ធនាការព័ត៌មានមិនពិត ដើម្បីបញ្ឈប់រាល់សកម្មភាពអរិភាព ហើយងាកមករកការសន្ទនាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដោយសន្តិវិធី និងសាមគ្គីភាពអាស៊ាន។ 

សូមជម្រាបថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី លើកឡើងប្រាប់ប្រព័ន្ធឃោសនាថៃថា «ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្លាំងយោធា និងអាវុធរបស់កម្ពុជា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ បុគ្គលិកយោធា និងភ្នាក់ងាររដ្ឋាភិបាល នាយកដ្ឋានពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់។ បណ្តឹងនោះរួមបញ្ចូលទាំងសំណុំរឿង ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ច្បាប់ពាក់ព័ន្ធដទៃទៀត»៕